(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុប ការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់មជ្ឍមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីសាស្រ្ត និងបាណកសាស្រ្ត ដោយមានការចូលរួមពី តំណាងដៃគូអភិវឌ្ឍ មន្ទីរសុខាភិបាលរាជធានី-ខេត្ត និងតំណាងគណៈអភិបាលខេត្ត ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធ សរុបចំនួនប្រហែល២០០នាក់។
ថ្លែងក្នុងពិធីបើកសន្និបាតនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានកោតសរសើរដល់ករខិតខំប្រឹងប្រែងរបស់មន្រ្តី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ អជ្ញាធរខេត្ត និងដៃគូសុខាភិបាលទាំងអស់ ដែលបានជំរុញឲ្យមានការធ្លាក់ចុះយ៉ាងច្រើន នូវអត្រាស្លាប់ និងឈឺបណ្តាលមកពីជំងឺគ្រុនចាញ់ និងជម្ងឺដង្កូវព្រូនផ្សេងៗទៀត តែយើងត្រូវបន្តការខិតខំនេះបន្ថែមទៀត ដើម្បីលុបបំបាត់ជម្ងឺគ្រុនចាញ់ ឲ្យបានតាមផែនការកំណត់នៅឆ្នាំ២០២៥ខាងមុខ ដែលប្រទេសថៃ បានកំណត់ការលុបបំបាត់គ្រុនចាញ់នេះត្រឹមឆ្នាំ២០២៤ មួយឆ្នាំមុនកម្ពុជា ហើយផែនការលុបបំបាត់ជំងឺគ្រុនចាញ់ ២០២៥ នេះ មានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីបាន ជំរុញឲ្យមន្ត្រីរបស់ខ្លួន ត្រូវតែយកចិត្តទុកដាក់ប្រតិបត្តិ ឲ្យបានសកម្មថែមទៀត ក្នុងការការពារដោយឲ្យមានការចែក និងប្រើប្រាស់មុងឲ្យបានត្រឹមត្រូវ សម្លាប់ភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ មូសដែកគោលនិងដង្កូវទឹក មានអនាម័យល្អក្នុងការរស់នៅ សម្អាតជុំវិញផ្ទះ បំបាត់ទីជម្រកមូស និងអប់រំសុខភាព។ ត្រូវមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់លើការប្រើប្រាស់ឱសថគ្រុនចាញ់ ព្រោះវាជាបញ្ហានាំឲ្យមានភាពសុំានៃឱសថគ្រុនចាញ់ ដែលពិភពលោកកំពុង យកចិត្តទុកដាក់ខ្ពស់ ដែលកម្ពុជាក៏ត្រូវតែចូលរួមលើកិច្ចការនេះដែរ។
លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានផ្តាំផ្ញើឲ្យប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្តទាំងអស់ ឲ្យយកចិត្តទុកដាក់លើការពង្រឹងការងារគ្រប់គ្រងមន្ទីរពេទ្យពង្រឹងបច្ចេកទេសនៃការព្យាបាលជំងឺ និងថែទាំសម្ភារៈបរិក្ខាពេទ្យឲ្យបានហ្មត់ចត់ ដូចជាគ្រែអ្នកជម្ងឺ ឲ្យមានភាពស្អាតបាត បន្ទប់មានអនាម័យល្អ យកចិត្តទុកដាក់ពិនិត្យថែទាំនិងព្យាបាលអ្នកជម្ងឺឲ្យបានល្អ មានក្រមសីលធម៌វិជ្ជាជីវ:ពេទ្យត្រឹមត្រូវ ជាដើម៕