(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្ដផ្អាកពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនានា និងកម្មវិធីផ្សេងៗទៀត ជាបណ្ដោះអាសន្នបន្ថែមទៀត ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម រហូតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក អ៊ុន ចាន់ដា បានធ្វើការណែនាំដល់លោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នូវការងារមួយចំនួនដូចខាងក្រោម៖
*ទី១៖ បន្តផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន និងកម្មវិធីផ្សេងៗទៀត រហូតដល់ក្រសួងសុខាភិបាល ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
*ទី២៖ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវណែនាំឲ្យម្ចាស់អាហារដ្ឋាន ផ្សារទំនើប ម៉ាត ទីផ្សារកន្លែងលក់ដូរផ្សេងៗទៀត ដែលជាទីតាំងបង្កហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវរៀបចំអាល់កុល វាស់កំដៅ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួនវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ ត្រូវណែនាំម្ចាស់ទីតាំងទាំងនោះ ត្រូវមានស្តេន QR Code (ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩) នៅតាមហាងនីមួយៗ និងណែនាំដល់អតិថិជនដែលចូលក្នុងហាងទំនិញ របស់ខ្លួនត្រូវស្តេន QR Code និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ មុននឹងចូលហាងទំនិញរបស់ខ្លួន។
*ទី៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធីនៃការជួបជុំដែលពុំមានការអនុញ្ញាត ដើម្បីជៀសវាងការជួបជុំមនុស្សច្រើន បង្កហានិភ័យខ្ពស់នៃការឆ្លងរីករាលដាល នៃជំងឺកូវី៥-១៩ចូលក្នុងសហគមន៍។
*ទី៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ចំពោះម្ចាស់ពិធីដែលមិនចូលរួមសហការ ជាមួយនឹងអាជ្ញាធរមូលដ្ឋាន បន្តរៀបចំពិធីផ្សេងៗដោយពុំមានការអនុញ្ញាត ឬមិនចូលរួមអនុវត្តវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល ការងារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
*ទី៥៖ រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តចុះអប់រំផ្សព្វផ្សាយជាប់ជាប្រចាំ អំពីវិធានការអនាម័យ ការបង្ការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕