(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការវិជ្ជមានជំងឺកូវីដ-១៩ លើស្ដ្រីម្នាក់ឈ្មោះ ប៉ែន ហេង អាយុ៣៤ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ស្ដ្រីឈ្មោះ ប៉ែន ហេង ដែលវិជ្ជមានជំងឺកូវីដ-១៩នេះ មានមុខរបរជាជំនួយការចុងភៅ នៅកាស៉ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានមកដល់ខេត្តកែប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១យប់ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញរបស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះពិនិត្យ បានធ្វើការសួរនាំវាយតម្លៃហានិភ័យ និងបាននាំបុគ្គលនេះទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយទើបទទួលបានលទ្ធផលវិជ្ជមាន នៅព្រឹកថ្ងៃទី២២ ខែមីនានេះ។

រដ្ឋបាលខេត្តកែប បានអះអាងថា មកទល់ពេលនេះក្រុមការងារបានរកឃើញបុគ្គលប៉ះពាល់ផ្ទាល់ចំនួន៥នាក់ និងបានយកសំណាកវត្ថុវិភាគ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ដោយមានការដាក់កម្លាំងការពារប្រចាំការយ៉ាងម៉ត់ចត់។ បច្ចុប្បន្នក្រុមការងារឆ្លើយតបបន្ទាន់ កំពុងស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នេះបន្ដទៀត៕