(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១ បានទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក លាវ វ៉ងពីង នាយកក្រុមហ៊ុនកាស៉ីណូបាវិតម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តសា្វយរៀង ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩។ អំណោយដែលក្រុមហ៊ុន ផ្តល់ជូនរដ្ឋបាលខេត្តរួមមាន ម៉ាសចំនួន៤០កេសធំ ស្មើនឹង ១០ ម៉ឺនម៉ាស់ ព្រមទាំងថវិកាមួយចំនួនទៀត។
លោកអភិបាលខេត្តបានថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជាមានវត្តមានជំងឺ កូវីដ១៩ ក្នុងសហគមន៍កន្លងមក ក៏ដូចជាព្រឹត្តិការណ៍២០កុម្ភៈនាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបង្កើតនូវក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានថ្លែងនូវការអរគុណចំពោះលោក លាវ វ៉ងពីង មិនត្រឹមតែផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋកន្លងមកប៉ុណ្ណោះទេ លោកប្រធានក្រុមហ៊ុនតែងតែចូលរួមបរិច្ចាគនូវអំណោយ និងថវិកា ជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្តទៅលើការងារអភិវឌ្ឍផ្សេងៗជាដើមផងដែរ។
ជាក់ស្តែង សម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ដែលទទួលបាននូវពេលនេះ បញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ន ហើយលោកអភិបាលខេត្តបានបញ្ជាក់ថា អំណោយ និងថវិកាដែលរដ្ឋបាលខេត្តទទួលបាននេះ នឹងយកទៅចាត់ចែងប្រើប្រាស់ឲ្យចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕