(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ នៅ០៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះមានការចូលរួមពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក លោកស្រី ជាសមាជិកគណៈកម្មាធិការ នាយកសាខា និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ-១៩ ដោយក្តីនឹករលឹកបំផុត។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានគូសបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះ គឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភ ពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលគ្រប់វេលា ពោលគឺកាកបាទក្រហម ត្រូវបានផ្សារភ្ជាប់ជាមួយពលរដ្ឋ គ្រប់កាលៈទេសៈទាំងអស់ ពោលគឺពលរដ្ឋក្រីក្រលំបាក រងគ្រោះធម្មជាតិ ពិសេសរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមកផ្ដល់ជូនដល់ដៃបងប្អូនគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្តក៏បានណែនាំឱ្យបងប្អូនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ រក្សាគម្លាតសង្គម ពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល ពិសេសអនុវត្តន៍តាមវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជាប្រចាំ។
បន្ថែមពីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់ជនងាយរងគ្រោះ ពីច្បាប់ថ្មីដែលទើបដាក់ឱ្យអនុវត្ត នូវកម្រិតទោសទណ្ឌ និងការផាកពិន័យចំពោះរាល់ការគេចវេសនៃការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានជ្រួតជ្រាបយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ចំពោះអំណោយដែលផ្តល់ជូននាឱកាសនោះទាំង២១០គ្រួសារ ក្នុង០១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស និងថវិការមួយចំនួន៕