(ឧត្តរមានជ័យ)៖ ក្នុងទិសដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គេសង្កេតឃើញថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនជាច្រើន បានចូលរួមយ៉ាងសស្រាក់សស្រាំ ដោយបានលះបង់នូវធនធានផ្ទាល់ខ្លួន ទាំងថវិកា និងសម្ភារផ្សេងៗទៀត។
ដោយឡែកនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុនផែស្ងួត តែ ម៉េង បាននាំនូវអំណោយជាគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់បែងចែងផ្តល់ជូនបន្តដល់កងកម្លាំងនគរបាល ដែលកំពុងប្រចាំការតាមគោលដៅនានា ក្នុងបុព្វហេតុទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មួយនេះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ តាងនាមកងកម្លាំងនគរបាលទូទាំងខេត្ត សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអគ្គនាយកក្រុមហ៊ុនផែស្ងូត តែ ម៉េង និងសហការី ដែលបាននាំអំណោយមកប្រគល់ជូន ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត នៅពេលនេះ។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា អំណោយដែលក្រុមហ៊ុនផែស្ងួត តែ ម៉េង បានប្រគល់ជូននៅពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រដល់កងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ដែលកំពុងតែបំពេញបេសកកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តក៏ដូចជាកំពុងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលក្រុមហ៊ុនផែស្ងួត តែ ម៉េង ប្រគល់ជូននៅពេលនេះរួមមាន៖ អង្ករ ៥តោន, ទឹកត្រី៥០កេស, ទឹកស៉ីអ៉ីវ ៥០កេស, មីចំនួន ១២០កេសតូច, ត្រីខកំប៉ុងចំនួន២០០យួរ និងទឹកបរិសុទ្ធចំនួន២០០យួរ ផងដែរ៕