(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងភរិយា។ សមាគមនេះ បានចុះធ្វើសកម្មភាពមនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានី ខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាព សាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
ខណៈដែលប្រទេសកម្ពុជាមានការរីករាលដាលជំងឺកូវីដ១៩ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោធីតា បានចូលរួមយ៉ាងសកម្ម ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ១៩ ទៅកាន់មន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕