(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង នៅខណ្ឌចំការមន ដែលលួចបើកដំណើរការមិនស្ដាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំលោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២០នាក់ផងដែរ ក្នុងនោះមានជនជាតិចិន៨នាក់ និងខ្មែរ១២នាក់ ដែលបានចូលលេងហ្គេមនៅទីតាំងខាងលើ។ បន្ថែមពីនេះ សមត្ថកិច្ចក៏បានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន រង់ចាំការសម្រេចពីថ្នាក់នៅពេលក្រោយ៕