(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធាន «ក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ» នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំស្តីអំពីនីតិវិធីស្រង់នាវាចម្បាំងដែលមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនតោន នៅទន្លេខេត្តកំពង់ចាម។
កិច្ចប្រប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីបញ្ជាការដ្ឋានស្ថិតនៅវត្តមាន់១០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាទីតាំង នៃនាវាមួយគ្រឿងលិចនៅក្នុងទន្លេកាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ, នាយឧត្តមសេនីយ៍ ជា សុគន្ធា នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង, លោកឧត្តមសេនីយ៍ឯក ផល សាម៉ន, លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក ព្រមទាំងក្រុមការងារ និងមន្ត្រីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបផងដែរ។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧២នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ ត្រង់ចំណុចនេះ ធ្វើឱ្យក្រុមការងារជំនាញជួបការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលបានរសាត់រាយប៉ោយ នៅជុំវិញនាវាចម្បាំងជាដើម។
នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះគឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។
ដោយឡែកបើយោងតាមស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេចខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។
តាមការគ្រោងទុកនៅចុងខែមីនា ខាងមុខនេះ កម្លាំងជំនាញនឹងស្រង់គ្រាប់យុទ្ធភ័ណ្ឌក្នុងនាវាចម្បាំងរួចរាល់ ហើយនៅសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២១ នឹងបញ្ចប់ទាំងស្រុងដោយស្រង់នាវាមកលើគោកតែម្តង។
រយៈពេលជាង ៤ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបចំនួន ១៥,២៨២គីឡូក្រាម ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕