(ភ្នំពេញ)៖ ម៉ាសចំនួន៣០ម៉ឺនម៉ាស ត្រូវបានក្រុមហ៊ុនឯកជនចំនួន២ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាល ចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់ និងទទួលខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះលោក កើត ឆែ បានថ្លែងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ ពិតជាត្រូវការម៉ាសជាច្រើន ដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាសចំនួន ៣០ម៉ឺនម៉ាសនេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ។
លោក កើត ឆែ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧៣នាក់ទៀត និងជាសះស្បើយ១៧នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់ រួមមាន ភ្នំពេញចំនួន ២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ៥នាក់ កណ្ដាល៣នាក់ សៀមរាប១នាក់ ព្រៃវែង១នាក់ និងខេត្តកែប ចំនួន១នាក់ អ្នកដំណើរពីបរទេស០២នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន១៧៥៣នាក់ អ្នកជាសះស្បើយចំនួន៩៦៧នាក់ អ្នកកំពុងព្យាបាលចំនួន ៧៨១នាក់ និងមានអ្នកស្លាប់ចំនួន ០៤នាក់៕