(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បញ្ជាឱ្យលោកស្រី លាង ហ៊ឹម ហៅ (ម៉ាហ្គោល) ឱ្យកាយអាចម៍ដីដែលបានចាក់រំលោភចូលចំណីព្រែក ដែលធ្វើឱ្យខូចខាតព្រៃកោងកាង ចេញជាបន្ទាន់ដោយប្រើរយៈពេលយ៉ាងយូរ ៧ថ្ងៃ ដោយគិតចាំពីថ្ងៃជូនដំណឹងនេះតទៅ និងត្រូវតែធ្វើការថែរក្សាស្តារព្រៃកោងកាងរបស់រដ្ឋដែលខូចឱ្យមានសភាពដូចដើមឡើងវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនានេះ។
ជុំវិញករណីនេះលោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមីនា ឱ្យដឹងថា ក្រោយពីរដ្ឋបាលស្រុកមណ្ឌលសីមា បានទទួលសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តកោះកុង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការចាក់អាចម៍ដីរំលោកចូលចំណីព្រែកក្នុងតំបន់កាត់ឃ្វៀលព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃើញថាការចាក់អាចម៍ដីការចាក់អាចម៌ រំលោកចូលចំណីមាត់ព្រែកព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
លោកបានបន្តថា ផ្ទៃដីដែលលោកស្រី លាង ហុឹម បានចាក់អាចម៌ដីរំលោភចូលមាត់ព្រែកព្រៃកោងកាងនេះ មានទំហំ ៣,៣០២ម៉ែត្រការ៉េ ដែលស្ថិតនៅតំបន់ប្រើប្រាស់ដោយកាត់ឃ្វៀល ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រិត្យលេខ១៧៩ អនក្រ.បក។
លោកបានបញ្ជាក់ថា ដោយមានការចុះត្រួតពិនិត្យជាកស្តែងរបស់ក្រុមការងារស្រុកមណ្ឌលសីមា នៅម៉ោង១០ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ លោកស្រី លាង ហុឹម បានយល់ព្រមយកគ្រឿងចក្រមកកាយអាចម៌ដី ដែលបានចាក់រំលោភចូលចំណីព្រែកព្រៃកោងកាងវិញហើយ។
បើតាមលោកស្រី លាង ហុឹម បានឱ្យដឹងថា គាត់យល់ស្រប និងទទួលកំហុសដែលអាជ្ញាធរបានរកឃើញថាគាត់បានចាក់អាចម៌ដីរំលោភចូលចំណីព្រែកព្រៃកោងកាង ជាតំបន់ចីរភាពជាសម្បត្តិរដ្ឋ លោកស្រីនឹងធ្វើការកាយអាចម៌ដីដែលចាក់រំលោភចូលចំណីមាត់ព្រែកព្រៃកោងកាងវិញឱ្យដូចសភាពដូចដើមដោយមិនប្រកែក ហើយសន្យាថានឹងធ្វើការទិញកូនដើមកោងកាងដាក់ដាំជូនរដ្ឋឡើងវិញ៕