(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ចំនួន ៧៣នាក់ ខណៈដែលតាមខេត្តនានា ក៏មានការឆ្លងយ៉ាងខ្លាំងផងដែរ។ សម្រាប់ខេត្តព្រះសីហនុ ស្ថានភាពឆ្លងជំងឺកូវីដ១៩ រយៈពេលប៉ុន្មានថ្ងៃនេះមានភាពធូរស្រាល ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ប្រកាសថាករណីឆ្លងនៅខេត្តនេះ មានរហូតដល់ ៣២នាក់។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា អ្នកឆ្លងកូវីដ១៩ ទាំង៣២នាក់ ក្នុងខេត្តព្រះសីហនុនេះ សុទ្ធតែគ្រប់គ្រងបានទាំងអស់។ ក្នុងន័យនេះ លោកបានអំពាវនាវប្រជាពលរដ្ឋ សូមកុំព្រួយបារម្ភខ្លាំង ខណៈអាជ្ញាធរបានគ្រប់គ្រងអ្នកដែលពាក់ព័ន្ធទាំងអស់ ប៉ុន្តែម្នាក់ៗត្រូវបន្តអនុវត្តតាមវិធានក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោកបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំង ៣២នាក់ មាន ២៩នាក់ ជាអ្នកនៅក្នុងមណ្ឌលចត្តាឡីស័ក មាន២នាក់ ជាអ្នកធ្វើដំណើរតាមជើងយន្តហោះចូលក្នុងខេត្ត ខណៈមានម្នាក់ទៀត ជាអ្នកទើបតែរកឃើញថ្មី ប៉ុន្តែអាជ្ញាធរក៏អាចគ្រប់គ្រងគាត់ និងអ្នកដែលពាក់ព័ន្ធជាមួយនឹងគាត់បានដែរ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៤នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕