(កំពង់ឆ្នាំង)៖ លោក ចាន់ សីហា អាយុ ២៩ឆ្នាំ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលកំពុងប្រកបធ្វើចម្ការដាំដំណាំត្រាវ បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយសារត្រាវមានតម្លៃសមរម្យ ដែលជួយឲ្យគ្រួសារគាត់មានជីវភាពធូរធា។

ផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី ២០ខែមីនា ឆ្នាំ២០២១ លោក សីហា បាននិយាយឲ្យដឹងថា លោកបានបន្តការដាំដុះដំណាំត្រាវនេះពីឪពុករបស់លោក នៅចំណុចលើខ្នងកោះជ្រោយបបុស ក្នុងភូមិកោះក្របី លើដីចម្ការទំហំ ១សិនកន្លះ ស្មើនឹង ២,៤០០ម៉ែត្រការ៉េ។ កសិកររូបនេះបានឲ្យដឹងថា លោកដាំត្រាវបានរយៈពេល ៣ឆ្នាំហើយ ដោយសង្ឃឹមថា ការដាំដំណាំនេះ អាចលក់ដូរផ្គត់ផ្គង់ជីវភាពបានល្អប្រសើរជាងដំណាំផ្សេងៗ។

ចំណែកការដាំដុះត្រាវលើដីចម្ការមួយសិនកន្លះនេះ លោក ចាន់ សីហា ត្រូវចំណាយដើមទុនប្រមាណ ៣លានរៀល ដើម្បីទិញប្រេងចាក់ម៉ាស៉ីនបូមទឹក និងទិញថ្នាំបាញ់សត្វល្អិត។ ចំណែកការលូតលាស់ របស់ដំណាំត្រាវនេះវិញ មានរយៈពេល ៦ខែ ទើបប្រមូលផល ហើយពេលទទួលផលវិញក្នុងដីមួយសិនកន្លះនេះ អាចបានផលពី ២តោនកន្លះ ទៅ ៣តោន។

ចំពោះតម្លៃមើមត្រាវគីឡូនេះ នៅលើទីផ្សារកាលពីឆ្នាំមុនមានតម្លៃ ក្នុងមួយគីឡូក្រាមតែ ៣,០០០រៀលប៉ុណ្ណោះ។ ចំណែកក្នុងឆ្នាំនេះវិញ នៅលើទីផ្សារបច្ចុប្បន្ន ប្រភេទត្រាវគីឡូនេះ មានតម្លៃ ៥,៩០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃត្រាវដូចឆ្នាំនេះ លោករំពឹងថានឹងទទួលបានប្រាក់កម្រៃគួរសម ផាត់ពីការចំណាយផ្សេងៗអស់ទៅ។

លោក សីហា បានបង្ហាញក្តីសង្ឃឹមថា បើដំណាំត្រាវបានថ្លៃដូចឆ្នាំនេះរហូតទៅ គ្រួសាររបស់លោក នឹងមានកម្លាំងចិត្តក្នុងការដាំដំណាំត្រាវប្រភេទនេះ នៅឆ្នាំក្រោយៗជាបន្តទៀត។ ក្រៅពីដំណាំត្រាវ បច្ចុប្បន្នលោកក៏បានដាំប៉េងបោះ នៅលើដីចំការទំហំកន្លះសិន ដែលទទួលបានផលល្អផងដែរ។

ពាក់ព័ន្ធនឹងដំណាំបន្លែរបស់ប្រជាកសិករ ដែលដំណាំខ្លះទទួលបានតម្លៃខ្ពស់ និងដំណាំខ្លះបានធ្លាក់ថ្លៃ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ធ្លាប់បានលើកឡើងផងដែរថា ដើម្បីឱ្យដំណាំផ្សេងៗមានតម្លៃខ្ពស់ប្រជាកសិករយើង ត្រូវចេះដាំដុះដំណាំទាំងនោះឱ្យបានទាន់ពេលវេលាពីដើមដៃ ទើបការលក់ដូរនៅក្នុងទីផ្សារមានតម្លៃខ្ពស់។ ប៉ុន្តែជាធម្មតាកាលណាកសិផលសម្បូរ តម្លៃក្នុងទីផ្សារពិតជាជាចុះថោក ព្រោះវាជាទីផ្សារសេរីដែលយើងមិនអាចកំណត់តម្លៃឲ្យនឹងហ្នរបានឡើយ៕