(ព្រះសីហនុ)៖ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់លើករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើស សៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកអភិបាលខេត្ត បានបោះបន្តជូនទៅ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មានពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបាន ស្រុះស្រួលគ្នា ដោយមិនមានការប្តឹងផ្តល់អ្វីឡើយ ដូច្នេះលោកក៏បានណែនាំឱ្យមានការថតវីដេអូខ្លីបបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង។
តាមរយៈវិដេអូខ្លីបដែលភាគីទាំងពីរ(សន្តិសុខ និងអាជីវករ) បានធ្វើការបកស្រាយ បង្ហាញថា ហេតុផលនៃបញ្ហាដែលបានកើតឡើង ផ្តើមចេញពីទំនាស់ និងមានចេតនាបំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។
លោកបានបញ្ជាឱ្យនាំខ្លួនសន្តិសុខរូបនោះ គឺត្រូវតែធ្វើការសួរនាំឱ្យបានហ្មត់ចត់ បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមានការដោះស្រាយជាសាធារណៈ ជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់ តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ ដូច្នេះត្រូវពិចារណា និងចាត់ការករណីនេះឱ្យ បានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។
អភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូនបានធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកបានសម្រេចដាក់ពិន័យរដ្ឋបាល ដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពីពេលនេះតទៅ។
ជាមួយគ្នានេះដែរ ដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះ អភិបាលខេត្ត បានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ លើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យអភិបាលក្រុងស្រុក ធ្វើការណែនាំដល់អ្នកគ្រប់គ្រងផ្សារ ត្រូវអនុវត្តតាមសារាចរលេខ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អី និងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីតាមការកំណត់នៅក្នុងសៀវភៅបន្ទុក នៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ៕