(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសុំការយោគយល់អាធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការបិទសង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយពីអ្នកជំងឺម្នាក់ជាប់ពាក់ព័ន្ធនឹងទីតាំងទាំងនេះ។
លោកអភិបាលខេត្ត បានថ្លែងបែបនេះនៅចំពោះមុខប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ក្រុងសៀមរាប នៅពេលរូបលោកចុះពិនិត្យស្ថានភាពទីតាំងដែលបានបិទ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញបុរសម្នាក់កើតជំងឺកូវីដ១៩ រស់នៅ និងបានពាក់ព័ន្ធនឹងទីតាំងទាំងនេះ។ ក្រោយការបិទទិដ្ឋភាពនៅសង្កាត់គោកចកហាក់មានភាពស្ងប់ស្ងាត់ រីឯអាជីវករជុំវិញផ្សារដើមក្រឡាញ់ នៅបន្តលក់ដូរតាមធម្មតា តែមិនសូវអ៊ូអរដូចមុន។ ម្យ៉ាងទៀត ក៏សង្កេតឃើញថា ប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួនបានរៀបចំបង្ការ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ បានល្អ ខ្លះទៀតក៏នៅមិនទាន់យល់ច្បាស់ពីហានិភ័យនៅឡើយ។
ក្នុងឱកាសនោះលោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការបិទភូមិជាបណ្តោះអាសន្ន ដោយផ្អាកការធ្វើដំណើរមួយរយៈសិន រង់ចាំការតាមដានលទ្ធផលពីមន្ទីរសុខាភិបាលខេត្ត។ ដោយឡែកប្រជាជនក្នុងខេត្ត សូមរក្សាការពារ ថែរក្សាសុខភាពខ្លួនឲ្យបានល្អ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះក្នុងពេលនេះ។
«សូមបងប្អូនបន្តអនុវត្ត ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ឱ្យបានគ្រប់ៗគ្នានិងជាប្រចាំ»។ នេះជាការអំពាវនាវរបស់លោកអភិបាលខេត្ត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមីនា នេះ មានប្រជាពលរដ្ឋ ២នាក់ហើយក្នុងខេត្តសៀមរាប ដែលរកឃើញមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បុរសទី១រកឃើញនៅថ្ងៃទី២០ និងបុរសអ្នកជំងឺទី២ រកឃើញនៅថ្ងៃទី២១ ខែមីនា។
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទទីតាំងមួយចំនួន និងបង្កើនការត្រួតពិនិត្យសុខភាពបឋមនៅទីតាំងចំនួន២ដែលបានរៀបចំ គឺទី១ នៅព្រំប្រទល់ខេត្តកំពង់ធំ និងទី២ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ៕