(ភ្នំពេញ)៖ លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា បានធ្វើលិខិតមួយ ស្នើដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឱ្យចាត់វិធានការផ្លូវច្បាប់ចំពោះ លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់ពាក្យសម្តី និងសំណេរ ប្រមាថដល់អាយុជីវិតរបស់ ព្រះមហាវិមលធម្ម ពិន សែម។
តាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងធម្មការ ផ្ញើទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងធម្មការ បានស្នើតុលាការចាត់ការតាមផ្លូវច្បាប់ចំពោះលោកផែង វណ្ណៈ ចំនួន៣បទល្មើស រួមមានបទ៖ ប្រមាថចំពោះព្រះសង្ឃ តាមមាត្រា៥១៦, បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថានឹងសម្លាប់ តាមមាត្រា២៣៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
លិខិតលោករដ្ឋមន្រ្តី បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះ វីដេអូផ្សាយផ្ទាល់(Live) លើផេករបស់ខ្លួនដែលមានឈ្មោះ Pheng Vannak News ដោយបានជេរប្រមាថមកលើព្រះសង្ឃ និងពោលពាក្យគម្រាមកំហែងញុះញង់ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មិនតែប៉ុណ្ណោះបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបួស ដោយបាននិយាយថា «ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដង ចំពោះអ្នកប្រព្រឹត្ត» ដែលជាចេតនាគម្រាមកំហែងថានឹងសម្លាប់ ដែលមានបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌ និងចោទបន្ថែមលើព្រះគ្រូ ចៅអធិការវត្តបូណ៍នូវពាក្យមិនពិតដោយពោលថា «លោកជាជនរងគ្រោះ រត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាប មិនហ៊ានចូលផ្ទះទៀតផង» និងវាយប្រហារមន្ត្រីថេរសភាសង្ឃខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។
«ក្នុងនាមក្រសួងធម្មការ និងសាសនា សូមថ្កោលទោសលើបុគ្គលឈ្មោះ ផែង វណ្ណៈ ចំពោះសកម្មភាព ដូចបានរៀបរាប់ខាងលើនេះ និងស្នើសុំឱ្យឯកឧត្តមព្រះរាជអាជ្ញា ចាត់វិធានការចំពោះបុគ្គលរូបនេះ តាមច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម ឯកឧត្តមព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ជនល្មើស ដើម្បីផ្តន្ទាទោស តាមផ្លូវច្បាប់ជាធរមាន»។ នេះបើតាម លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាកម្ពុជា។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោក ផែង វណ្ណៈ បានផ្សាយផ្ទាល់តាម Facebook លោក រួមទាំងសរសេរជា Comment ថែមទៀត ដោយប្រមាថដល់ ព្រះមហាវិមលធម្ម ពិន សែម ចៅអធិការវត្តបូណ៍ យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានវីដេអូមួយ ដែលព្រះអង្គ បានដាក់ពិន័យដោយរំពាត់ ទៅលើសាមណេរមួយអង្គ ដែលប្រព្រឹត្តខុសនឹងសង្ឃវិន័យ និងវិន័យក្នុងវត្ត។
ការប្រើប្រាស់ពាក្យសម្តី និងសំណេរប្រមាថរបស់ លោក ផែង វណ្ណៈ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរជាច្រើន។
ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ។ ខណៈពុទ្ធសាសនិកមួយចំនួនទៀតទាមទារឱ្យចាត់វិធានការផ្លូវច្បាប់បន្ថែ។
ទោះជាយ៉ាងនេះក្រៅពីធ្វើលិខិតសុំទោសជាសាធារណៈនាថ្មីៗនេះ លោក ផែង វណ្ណៈ បានទៅកាន់វត្តបូណ៍ ដើម្បីសុំទោស ព្រះមហាវិមលធម្ម ពិន សែម ចំពោះទង្វើប្រមាថរបស់លោកចំពោះព្រះអង្គផងដែរ៕