(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអង្គារនេះ បានស្នើភាគីជប៉ុន ឱ្យជំរុញដល់វិនិយោគិនរបស់ខ្លួន ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម ឱ្យកាន់តែច្រើនឡើងថែមទៀត នៅក្នុងប្រទេសកម្ពុជា។
សំណើរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងជំនួបជាមួយ លោក Norio Yamaguchi ប្រធានអង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន-ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើកំណែទម្រង់លើវិស័យមួយចំនួន ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយថាពេលនេះកម្ពុជាកំពុងជំរុញដល់នយោបាយ២ទៀត នោះគឺផលិតកម្មស្រូវ និងនាំចេញអង្ករ និង នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជាប្រតិភូទាំងមូល ធ្វើយ៉ាងណាជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានោះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ។
លោក Norio Yamaguchi បានស្វាគមន៍ចំពោះការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នាលោកក៏បានបង្ហាញពីដំណើរទស្សនកិច្ចរបស់ប្រតិភូមកកម្ពុជា នៅពេលនេះ ដើម្បីស្វែងយល់អំពីកម្ពុជា ជាពិសេសអំពីនយោបាយទូទៅរបស់កម្ពុជាផង និងការគ្រប់គ្រងរបស់សម្តេចតេជោ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ រួមទាំងទស្សនវិស័យ និងទំនាក់ទំនងទ្វេភាគីដែលជាការរំពឹងទុករបស់កម្ពុជា ចំពោះប្រទេសជប៉ុន៕