(បាត់ដំបង)៖ ប្រតិភូរបស់បញ្ជាការដ្ឋាន ការពារព្រំដែនខេត្តច័ន្ទបូរី និងខេត្តត្រាត នៃថៃ ដឹកនាំដោយ លោកឧត្តមនាវាទោ ថាណាក់កាន ក្រៃក្រួន មេបញ្ជាការកងការពារព្រំដែន ខេត្តច័ន្ទបូរី និងខេត្តត្រាត កងទ័ពជើងទឹក នៃកងភូមិន្ទថៃ និងលោកស្រី បានអញ្ជើញធ្វើទស្សកិច្ចសិក្សាការងារ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រឹតចំណងសាមគ្គីភាព រវាងកងទ័ពទាំង២ កម្ពុជា-ថៃ ជាពិសេសអង្គភាពទាំង២ ឈរជើងមានព្រំប្រទល់ជាប់គ្នា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ខេត្តប៉ៃលិន និងខេត្តច័ន្ទបូរី ខេត្តត្រាត ប្រទេសថៃ ឲ្យមានភាពជិតស្និទ្ធថែមទៀត។
វត្តមានអញ្ជើញទទួលស្វាគមន៍ ប្រតិភូនាឱកាសនោះមាន លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងអស់លោកមេបញ្ជាការរង យោធភូមិភាគទី៥ ជាច្រើនរូបទៀត។
នៅក្នុងជំនួបពិភាក្សាការងារ ដ៏មានសារៈសំខាន់នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ បានសម្តែងក្តីមោទនៈ និងរីករាយបំផុតដោយបានចាត់ទុកថា ក្នុងដំណើរទស្សនកិច្ចសិក្សា របស់លោកមេបញ្ជាការកងការពារព្រំដែន ច័ន្ទបូរី និងត្រាត នាពេលនេះ ពិតជាទទួលបានភាពរីកចម្រើន សំដៅធ្វើឲ្យការពង្រឹងបាននូវចំណងសម្ព័ន្ធ មេត្រីភាពរវាងអង្គភាព កងទ័ព និងប្រជាជន នៃប្រទេសទាំង២ កម្ពុជា-ថៃ ដែលជាប្រទេសមានភូមិផងរបងជាមួយ និងរក្សាបាននូវស្ថេរភាព សុខសាន្តទាំងផ្ទៃ ក្នុងភូមិសាស្រ្ត ក៏ដូចជានៅតាមបណ្តោយព្រំដែន និងការប្រកបមុខរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋនៃប្រទេសទាំង២។
លោកមេបញ្ជាការយោធភូមិភាគទី៥ បានលើកឡើងថា នាពេលកន្លងមកនេះ ក៏ដូចជាបច្ចុប្បន្នកងកម្លាំង នៃប្រទេសទាំង២ កម្ពុជា-ថៃ បានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ផ្លាស់ប្តូរព័ត៌មាន ងរាល់ដំណោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង រវាងកងកម្លាំងជួរមុខ និងត្រូវបានបន្តកិច្ចសហប្រតិបត្តិការ ឲ្យមានលំហ្នឹងថែមទៀត ហើយជាគោលបំណង នៃការពង្រឹងសម្ព័ន្ធមេត្រីភាព និងបានធ្វើការទំនាក់ទំនងល្អ ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋចេញ ចូលដោះដូរទំនិញរបស់ប្រជាពលរដ្ឋទាំងសងខាង នៃប្រទេសទាំង២ នៅតាមបណ្តោយព្រំដែន និងការព្យាបាលជម្ងឺផងដែរ។
លោក ប៊ុន សេង បានបញ្ជាក់ពីមនោសញ្ចេតនា ការបំពេញភារកិច្ចរួមគ្នា ព្រមទាំងបានលើកឡើង នូវកិច្ចសហប្រតិបត្តិការល្អ ការទំនាក់ទំនងធ្វើការងារ នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំង២។ លោកឧត្តមសេនីយ៍ទោ ថាណាក់កាន ក្រៃក្រូន មេបញ្ជាការការពារព្រំដែន ច័ន្ទបូរី ត្រាត បានសម្តែងភាពរីករាយបំផុត ចំពោះការរាក់ទាក់ពីថ្នាក់ដឹកនាំ យោធភូមិភាគទី៥ក្នុងដំណើរទស្សនកិច្ច សិក្សាស្វែងយល់គ្នាទៅវិញទៅមក រវាងកងទ័ពប្រទេសទាំង២ ក៏ដូចជាការរឹតចំណងសាមគ្គីភាពកាន់តែរឹងមាំថែមទៀត ដោយបានចាត់ទុកថា កងកម្លាំងប្រទេសទាំង២ បានទំនាក់ទំនងសហការគ្នាបានល្អ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានសន្តិសុខសុវត្តិភាពល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ថាណាក់កាន ក្រៃក្រូន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ ដោយផ្តើមចេញពីការទំនាក់ទំនង រវាងកងទ័ពប្រទេសទាំង២ និងបន្តរាល់កិច្ចសហប្រតិបត្តិការ រឹងមាំបន្ថែមទៀត ដូចដែលធ្លាប់បានអនុវត្តជាមួយគ្នាកន្លងមក៕