(ស្វាយរៀង)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន ៤០នាក់ចែកចេញជា ៣ក្រុម បានចុះអប់រំផ្សព្វផ្សាយពីវិធានការសុខាភិបាលសម្រាប់ការពារជំងឺកូវីដ១៩ ដល់ព្រះសង្ឃ តាជី យាយ ជី និង ប្រជាពលរដ្ឋ សរុប ចំនួន ១១៧អង្គ/នាក់ នៅ ២ក្រុង និង ១ស្រុក ក្នុងខេត្តស្វាយរៀង។
លោកបណ្ឌិត កែ រដ្ឋា បានថ្លែងថា នៅព្រឹកនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីដោយក្រុមទី១ ដឹកនាំដោយលោកផ្ទាល់ជាអនុប្រធាន តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយនៅវត្តសន្តិភាព ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ ក្រុមទី២ ដឹកនាំដោយ លោក វេជ្ជបណ្ឌិត អ៉ឹម បុត្រ សមាជិកអចិន្ត្រៃយ៍ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ៥ភូមិ នៅក្នុងសង្កាត់បាវិត ក្រុងបាវិត។
បន្ថែមលើនេះ ក្រុមទី៣ ដឹកនាំដោយ លោក វេជ្ជបណ្ឌិត សាន់ សុធាវុធ សមាជិកអចិន្ត្រៃយ៍ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយ ប្រជាពលរដ្ឋ នៅភូមិសង្កែ ឃុំសង្កែ ស្រុករំដួ។ ក្នុងការចុះអប់រំផ្សព្វផ្សាយនេះ មានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្រុក ក្រុង ឃុំ សង្កាត់ផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា ក៏បានណែនាំពីរបៀបនៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ និង ត្រូវអនុវត្តនូវ វិធានការ ៣ការពារ និង ៣កុំ។
ក្រុមការងារ បានពាំនាំនូវការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី ប្រគេនព្រះសង្ឃ តាជី យាយជី និង ប្រជាពលរដ្ឋ ចំនួន ៧២នាក់ សរុប ១១៧អង្គ/នាក់ ក្នុងមួយ អង្គ/នាក់ ទទួលបាន ជែល ១ដបម៉ាស់ ១០សាប៊ូ១ដប ទឹកសុទ្ធ១ដប ថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺ ជាបឋមចំនួន ១០ថ្ងៃ មានថ្នាំបំបាត់ក្តៅ ក្អក ឈឺក្បាល រាគ ថ្នាំ កំលាំង និង ថ្នាំ ភ្នែក។ ដោយ ឡែក ប្រជាពលរដ្ឋ ៥០គ្រួសារ ទទួលបាន សេរូប៉ារ៉ានិង សេរូ ក្អកកូនក្មេង បន្ថែមទៀត។ លោកបណ្ឌិត កែរ រដ្ឋា បានឧបតថម្ភ អង្ករ ១០០គីឡូក្រាម និង ថវិកាជូនអាជ្ញាធរ ឃុំ សង្កាត់ ភូមិ យុវជន សសយក សរុប ៥៣នាក់ ម្នាក់ៗ ទទួលបាន ២ម៉ឺនរៀល។
ប្រជាពលរដ្ឋពិតជាមានភាពសប្បាយរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមការងារ ដែលតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋ ដឹងពីសុខទុក្ខប្រជាពលរដ្ឋ មិនថាកាលទេសៈណានោះទេ ពិសេសនៅពេលនេះ ជាពេលដែលមនុស្សគ្រប់រូបត្រូវរក្សាសុវត្ថិភាពផ្ទាល់ខ្លួនពីជំងឺកូវីដ១៩ ប៉ុន្តែក្រុមការងារនៅតែចុះមកជួយប្រជាពលរដ្ឋដដែល។ ពួកគាត់មិនភ្លេចនូវឧបការគុណដ៏ ថ្លៃថ្លារបស់លោកប្រធាន ហ៊ុន ម៉ានី ព្រមទាំងថ្នាក់ដឹកនាំ និងកម្លាំងគ្រូពេទ្យដែលជានិច្ចកាល តែងនៅជិតប្រជាពលរដ្ឋ ស្តាប់ទុក្ខលំបាកប្រជាពលរដ្ឋ និងជួយដល់ប្រជាពលរដ្ឋ៕