(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ក្នុងសង្គមខ្មែរតំាងពីបឋមកាលរៀងមក ចំពោះ «ជើងក្រាន» ដែលយើងស្គាល់ភាគច្រើនធ្វើពីដុំថ្ម, ជីកលុងដី, យកមែកឈើស្រស់ៗ ឬយកដីឥដ្ឋលាយជាមួយអង្កាម មកសូនឲ្យចេញជា «ជើងក្រាន» រហូតមានការវិវត្ដមកដល់ការបង្កើតបានជាចង្រានប្រើហ្គាស ឬអគ្គិសនីដូចយើងបានឃើញ និងកំពុងប្រើប្រាស់នាបច្ចុប្បន្ននេះ មានតួនាទីសំខាន់ណាស់ដោយផ្សារភ្ជាប់នឹងជីវិតមនុស្សយ៉ាងជិតដិតបំផុតតំាងពីកើតរហូតដល់ស្លាប់។

បើតាមលោក រ័ត្ន សណ្តាប់, បានន័យថា «ជើងក្រាន» មានច្រើនបែបច្រើនសណ្នាន រីឯការប្រើប្រាស់ទៀតសោតតាមកិច្ចពិធីនីមួយៗ ពីព្រោះក្នុងប្រព័ន្ធជំនឿខ្មែរ សម្រាប់ផ្ទះនីមួយៗ «ជើងក្រាន» ប្រៀបបាននឹងព្រះអគ្គីមួយដែលគេទុកព្រះអគ្គីនេះជាម្ចាស់គេហដ្ឋាននៃ «ជើងក្រាន»

លោក រ័ត្ន សណ្ដាប់ បន្ដថា បើហេតុនេះដោយ «ជើងក្រាន» បានផ្សារភ្ជាប់នឹងជីវិតមនុស្សជិតដិតយ៉ាងដូច្នេះហើយ ទើបខ្មែរបុរាណតំាងពីដើមរៀងមក បានចាត់ទុក «ជើងក្រាន» ស្មើនឹងពាក្យ «គ្រួ ឬគ្រួសារ» ពីព្រោះផ្ទះនីមួយៗត្រូវផ្សារភ្ជាប់ «ជើងក្រាន» ជានិច្ច។ ម្យ៉ាងវិញទៀតដោយ «ជើងក្រាន» សម្រាប់តម្កល់ឆ្នំាងចម្អិនអាហារគេហៅថា «ចង្រានជើងឆ្នាំង» គឺសំដៅដល់ម្ហូបអាហារជាប្រភពនៃសុខភាពជីវិតយើង។

ស្ថិតក្នុងន័យនេះ ដោយ «ជើងក្រាន» ជាប្រភពរចនាម្ហូបអាហារមិនតែត្រឹមផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមជីវិតយើងប៉ុណ្ណោះទេ ប៉ុន្ដែបើយើងចេះច្នៃប្រឌិត កែលម្អមុខម្ហូបអាហារដែលមានប្រភពចេញពី «ជើងក្រាន» ឲ្យមានលក្ខណៈសិល្បៈស្រស់បំព្រងយ៉ាងប្រពៃថែមទៀតនោះ គឺពិតជាធ្វើឲ្យសម្រស់របស់ម្ហូបក្នុងចាន មានការទាក់ទាញ និងចាប់អារម្មណ៍គួរឲ្យចង់ញំា គួរឲ្យចង់ទទួលទានថែមទៀត។ គេហៅថា «មេផ្ទះចំណានចង្រ្កានចានឆ្នំាងល្អ» វាបង្ហាញឲ្យឃើញពីឧត្ដមភាពនៃគ្រួសារ។

ពីព្រោះសិល្បៈនៃការកែលម្អម្ហូបអាហារសំខាន់ណាស់ ជាចំណែកមួយផ្ដល់ចំណីអារម្មណ៍ក្នុងការទាក់ទាញតាមរយៈក្រសែភ្នែករបស់មនុស្សម្នាក់ៗ គឺមិនខុសពីយើងប្រៀបប្រដូចទៅនឹងទិដ្ឋភាពនៃទេសភាពពីរ ដែលភ្នែកយើងមើលទៅឃើញពីភាពខុសគ្នារវាងម្ខាង ដែលមានសំរាមរាយប៉ាយឥតសណ្ដាប់ធ្នាប់ និងម្ខាងទៀតពីទេសភាពបឹងបួរ ទន្លេ សមុទ្រដ៏ស្រស់ស្អាតគួរឲ្យចង់ទស្សនា តើមួយណាធ្វើឲ្យយើងចាប់អារម្មណ៍ និងចង់គយគន់?

លោក រ័ត្ន សណ្ដាប់ បន្ដទៀតថាចំពោះ «ជើងក្រាន» នេះទៀតសោត ស្រ្ដីមានតួនាទីសំខាន់ណាស់ ពីព្រោះស្រ្ដីជាមេផ្ទះជាអ្នកដឹកនំាគ្រួសារ ជាអ្នកផ្ដល់អាហារសុខភាពដល់ការរស់នៅ ដែលបុរសទំាងឡាយតែងតែស្វែងរកនឹងចង់បាន «មេផ្ទះចំណានចង្រានចានឆ្នំាងល្អ» ដើម្បីផ្ញើចំណតជីវិត និងវាសនាទៅលើស្រ្ដីណាដែលចេះចាត់ចែង «ជើងក្រាន» បានត្រឹមត្រូវល្អ។

ក្នុងសម័យកាលបច្ចុប្បន្ននេះ ដោយគ្រួសារមួយចំនួនធំ គឺប្ដី ប្រពន្ធមានធុរកិច្ច និងកាតព្វកិច្ចររៀងៗខ្លួន យើងគួរតែត្រូវរៀបចំ «ជើងក្រាន» ក្នុងគន្លងមានរបៀបរៀបរយល្អ ដែលជាភាពងាយស្រួលនំាឲ្យបុរសជាប្ដី ឬកូនចៅអាចជួយរំលែកកិច្ចការ «ជើងក្រាន» ជំនួសស្ត្រីបាន។

ម៉្លោះហើយ «ជើងក្រាន» មានសារៈសំខាន់ខ្លាំងណាស់ដោយផ្សារភ្ជាប់ជីវិតប្ដី ប្រពន្ធ កូនចៅទំាងកិច្ចការក្នុង «ជើងក្រាន» និងកិច្ចការខាងក្រៅដែលជាហេតុនាំឲ្យមនុស្សក្នុងគ្រួសារ បានស្គាល់សុខទុក្ខរវាងគ្នាទៅវិញទៅមក ដែលញំាងឲ្យទំនាក់ទំនងជីវិតគ្រួសារកាន់តែមានភាពស្និទ្ធស្នាល ល្អូកល្អឺនបានគង់វង់ឋិតថេរមិនអាចប្រេះឆាបាន។ ដូច្នេះហើយ «ជើងក្រាន» នឹងជីវិតមិនអាចផ្តាច់ចេញពីគ្នាបានទ្បើយ ពីព្រោះក្នុងគ្រួសារឬផ្ទះនីមួយៗតែងតែមានវាជានិច្ច៕