(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានអះអាងថា ប្រជាពលរដ្ឋដែលមកពីរាជធានី-ខេត្តផ្សេងៗ ឬមានបញ្ហាសុខភាព ដែលសង្ស័យមានការពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ទើបអនុញ្ញាតឲ្យចូលខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលជំងឺកូវីដ-១៩។

ការលើកឡើងរបស់លោក ស្វាយ សំអ៊ាង បានធ្វើឡើងក្នុងឱកាស អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅព្រំប្រទល់ខាងខេត្តមណ្ឌលគិរី-ក្រចេះ ដើម្បីពិនិត្យមើលសុខភាពប្រជាពលរដ្ឋ ក្នុងការការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ស្ថិតនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា។

លោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩ ក៏ដោយតែក៏មិនត្រូវភ្លេចខ្លួននោះដែរ គឺត្រូវអនុវត្តឲ្យបានតឹងរឹងតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហើយអាជ្ញាធរខេត្តបានផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីផ្សេងៗ នៅទូទាំងខេត្ត លើកលែងតែពិធីបុណ្យសព តែប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់ថា សម្រាប់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត ដែលធ្វើដំណើរចូលមកខេត្តមណ្ឌលគិរី ត្រូវធ្វើការពិនិត្យសុខភាពជាបឋម ដូចជា វ៉ាស់កំដៅ លាងសម្អាតដៃជាមួយអាល់កុល ឬជេល និងសួរនាំប្រវត្តិ ហើយប្រសិនបើបុគ្គលនោះ មកពីបណ្តាខេត្ត ដែលមានហានិភ័យខ្ពស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

បន្ថែមពីនេះ លោក ស្វាយ សំអ៊ាង បានលើកទឹកចិត្តដល់កងកម្លាំង និងក្រុមគ្រូពេទ្យ រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមមាន៖ អង្ករ១០០គីឡូក្រាម មីម៉ាម៉ា១កេសធំ ទឹកសុទ្ធចំនួន ៤០យួរ សម្ភារអនាម័យដូចជា ម៉ាស់ចំនួន១០ប្រអប់ អាល់កុលចំនួន៦០លីត្រ និងថវិកាចំនួន១,០០០,០០០រៀល ផ្តល់ជូនកងកម្លាំង ដោយឡែក ក្រុមគ្រូពេទ្យ ដែលប្រចាំការ ឧបត្ថម្ភថវិកាមួយចំនួនផងដែរសម្រាប់ដោះស្រាយប្រចាំថ្ងៃ៕