(ណៃពិដោ)៖ សភាជាតិនៃសហភាពមីយ៉ាន់ម៉ា (ភូមា) នឹងរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ មុនកាលកំណត់ ដែលសភាចំនួនបីជាន់ថ្នាក់ នឹងបញ្ជូនបេក្ខភាពរបស់ខ្លួនមួយក្រុមម្នាក់ៗ ដើម្បីឈរឈ្មោះបោះឆ្នោត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនសិនហួរ នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០១៦។
បេក្ខភាពទាំងបីរូបខាងលើនេះ ត្រូវបានបញ្ជូនមកពី សភាតំណាងរាស្ត្រ (សភាជាន់ទាប), សភាជាន់ខ្ពស់, និងក្រុមតំណាងរាស្ត្រ ដែលតែងតាំងដោយយោធា។ បេក្ខភាពណា ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១០ ខែមីនា នោះនឹងក្លាយជាប្រធានាធិបតី ស្របពេលដែលពីររូបផ្សេងទៀត នឹងក្លាយជាអនុប្រធានាធិបតី ដោយស្វ័យប្រវត្តិតែម្តង។
គួរបញ្ជាក់ថា ឈ្មោះបេក្ខភាពទាំងបីរូប នឹងត្រូវបញ្ជូនទៅកាន់ប្រធានសភា ហើយបន្ទាប់ពីប្រធានាធិបតីត្រូវបាន ជ្រើសតាំងរួច ការបង្កើតរដ្ឋាភិបាលថ្មី និងការផ្ទេរអំណាចទៅកាន់ប្រមុខរដ្ឋ នឹងត្រូវធ្វើឡើង នៅថ្ងៃទី៣១ ខែមីនា ដែលត្រូវជាពេលផុតកំណត់របស់រដ្ឋាភិបាលបច្ចុប្បន្ន៕