(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ដែលបានទៅសម្រាកព្យាបាលជំងឺមន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សូមសហការជាមួយមន្ទីរសុខាភិបាល ឬទៅពិនិត្យសុខភាព ដើម្បីទប់ស្ការ់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលសហគមន៍នៅក្នុងខេត្តព្រះវិហារ។

ការអំពាវនាវបែបនេះ របស់លោកវេជ្ជបណ្ឌិត គួង ឡូ បានធ្វើឡើងក្រោយនៅគ្លីនិក ៧៧៧ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប ព្រមទាំងមន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ដែលបានរកឃើញមានជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ ដែលបានរកឃើញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រវិហារ ឱ្យដឹង នៅព្រឹកថ្ងៃទី២១ ខែមីនាឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «ដោយទទួលព័ត៌មានថាមានរកឃើញអ្នកជំងឺកូវីដ-១៩ ថ្មី១ករណី នៅក្នុងខេត្តសៀមរាប ដែលអ្នកជំងឺរូបនេះធ្លាប់បានទៅព្យាបាលនៅគ្លីនិក (៧៧៧) ដូចនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលធ្លាប់បានទៅសម្រាកព្យាបាល ឬនាំកូនទៅសម្រាកព្យាបាលជំងឺនៅគ្លីនិកខាងលើក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សូមមេត្តាសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដោយមកជួប ឬទំនាក់ទំនងជាមួយមន្រ្តីសុខាភិបាលតាមទូរសព្ទ័ទំនាក់ទំនងលេខ៖ ០៨៨ ៥៩៦៤ ៤៩៦/ ០១២ ៩៨ ៥៦ ៨៩»

លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺនៅគ្លីនិក «៧៧៧» និងពេលវេលាដូចបានជម្រាបខាងលើនឹងសហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីរួមគ្នាទប់ស្កាត់ការចំលងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់ទៀត នៅក្នុងសហគមន៍។ ជាពិសេសដើម្បីថែរក្សាសុខភាពផ្ទាល់ខ្លួនផង និងសុខភាពរបស់កូនចៅ បងប្អូន សាច់ញាតិផងដែរ។

បន្ថែមពីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តន៍នូវវិធានការ ៣កុំ និង ៣ការពារ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា៕