(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍។ ការផ្អាកនេះ បានធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀត។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះមានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
បុរសរូបនេះ បានចូលទៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ នេះ។ បុរសរូបនេះ ត្រូវបានបញ្ជាក់ថា ទៅកាន់ទីតាំងជាច្រើននៅក្នុងក្រុងសៀមរាប ដូចជា៖ ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤, ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់, ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប និងគ្លីនិកសុខភាពជាដើម។
នៅថ្ងៃនេះដែរដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប, បិទមន្ទីរសម្រាកព្យាបាល៧៧៧ និងទីតាំងពាក់ព័ន្ធមួយចំនួនទៀត៕