(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរកឃើញបុរសអាយុ៣៥ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩។ បុរសម្នាក់នេះ មានឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អាជ្ញាធរបានបញ្ជាក់ថា បុរសរូបនេះ បានចូលទៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១កន្លងទៅ នេះ។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទចរាចរចេញ-ចូល សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីវេលាម៉ោង ១៩៖០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះតទៅ។

ក្នុងសេចក្តីជូនព័ត៌មានរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ បានជួបប្រាស្រ័យទាក់ទងជាមួយឈ្មោះ ម៉ាប់ វ៉ុនឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមាន៖ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១) ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១) ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១) និងគ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១) សូមរួសរាន់មកយកសំណាក នៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ។

រីឯអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូមយកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្នុងខេត្ត ពិសេសពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕