(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចុះទៅបិទមន្ទីរសម្រាកព្យាបាល «៧៧៧» ក្នុងក្រុងសៀមរាប ក្រោយពីសង្ស័យជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។

យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា អាជ្ញាធរបានរកឃើញបុរសម្នាក់ដែលសង្ស័យកើតជំងឺកូវីដ១៩នោះ បានចូលទៅក្នុងមន្ទីរសម្រាកព្យាបាល។ បច្ចុប្បន្នអាជ្ញាធរបានយកបុរសរូបនោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យសុខភាព។

ដោយឡែកមន្ទីរសម្រាកព្យាបាលត្រូវបិទទ្វារបណ្តោះអាសន្នសិន។ អ្នកជំងឺ គ្រូពេទ្យ និងបុគ្គលិកបម្រើការងារនៅក្នុងមន្ទីរសម្រាកព្យាបាលត្រូវហាមឃាត់មិនឱ្យចេញពីមន្ទីរសម្រាកព្យាបាលនេះផងដែរ។

ជាមួយគ្នានេះក្រុមគ្រូពេទ្យបានចុះយកសំណាកពីអ្នកពាក់ព័ន្ធនៅក្នុងមន្ទីរសម្រាកព្យាបាលនេះផងដែរ៕