(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២៖៤៨នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F1) មូលហេតុដោយសារមានរថយន្ត បើកទាក់ខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលធ្វើឲ្យបាក់បង្គោលខ្សែបណ្តាញតង់ស្យុងទាប (LV) បីដើម និងទ្រេតបង្គោលខ្សែ បណ្តាញតង់ស្យុងមធ្យម (MV) មួយដើម។

ក្នុងនោះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (២) ភូមិពាម សង្កាត់សំបូរមាស សង្កាត់បាក់ខែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (៣) សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស បានធ្វើការដាំបង្គោល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៦៖១០នាទីរសៀល លើកលែងតែបន្ទប់ភ្លើងលេខP1315-F1 ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុលខ្សែបណ្ដាញតង់ស្យុងទាប (LV) ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង២០៖០០នាទីយប់៕