(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៤៣៨រូបហើយ ដើម្បីផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជនក្រីក្រ ដោយឥតគិតកម្រៃ ដែលក្នុងនោះ មានមេធាវីចំនួន ១៨៣រូប ស្ម័ត្រចិត្តផ្តល់ការពិគ្រោះយោបល់ដោយឥតគិតកម្រៃ និងមានមេធាវីចំនួន ១៤៦រូប ស្ម័គ្រចិត្តការពារក្ដីដោយឥតគិតកម្រៃ។
តាមសេចក្ដីជូនដំណឹងរបស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវតាមរយៈលិខិតលេខ ១៨៦/គម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃយ៉ាងផុសផុល។
គណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក-សមាជិកា ដែលជាមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ៤៣៨រូប។ ជាមួយគ្នានេះគណៈមេធាវីក៏បានបញ្ជាក់ដែរថា សម្រាប់សាធារណជនដែលមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ សូមអញ្ជើញទៅទទួលសេវានេះ៖ ដោយឥតគិតកម្រៃ តាមតារាងពេលវេលា និងអាសយដ្ឋានដែលភ្ជាប់ជួនជាមួយនេះ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់សមាជិក-សមាជិកា ទាំងអស់មេត្តាបន្តចូលរួមធ្វើជាមេធាវីស្ម័ត្រចិត្តក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួម បម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីលើកស្ទួយឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី៕