(​វ៉ាស៊ីនតោន​)៖ កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អាមេរិក ដែល​មានឈ្មោះ​ថា Delta Force បានប្រកាសថា នឹង​កំណត់​ទីតាំង​ចាប់ខ្លួន ឬ​សម្លាប់​មេដឹកនាំ​ចលនា​កំពូលៗ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ ISIS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ តែ​ម្តង​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន ដែល​បាន​ចាប់ផ្តើម​នៅ​ដើម​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​អង្គារ ទី​០១ ខែ​មីនា ឆ្នាំ​២០១៦​។​

​នៅ​រយៈពេល​ពីរ​ទៅ​បី សប្តាហ៍​ចុងក្រោយ​នេះ​ក្រុម​ប្រតិបត្តិការ Delta បាន​ធ្វើ​ការរៀបចំ និង​ត្រៀម​ត​ភ្ជាប់​បណ្តាញ​របស់ខ្លួន​យ៉ាង​មមាញឹក ដើម្បី​បំពេញ​ប្រតិបត្តិការ​ជាមួយនឹង​កម្លាំង​ពិសេស​នៅ​អ៊ីរ៉ាក់​ផ្ទាល់ ព្រមទាំង​ធ្វើ​ការកំណត់​ទីតាំង ដែល​ត្រូវ​ដាក់​ពង្រាយ​កម្លាំង ដើម្បី​វាយប្រហារ​លើ​ក្រុម ISIS ប្រកបដោយ​ប្រសិទ្ធភាព​។​

​យ៉ាងណាក៏ដោយ មន្ត្រី​ក្រសួង​ការពារជាតិ​នៅឯ​មន្ទីរ​បញ្ច​កោណ ក្នុង​រដ្ឋធានី​វ៉ា​ស៊ីន មិន​បាន​ឆ្លើយ​លម្អិត​ទៅនឹង សំណួរ​ដោយ​ភ្នាក់ងារ CNN នោះឡើយ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Ash Carter បានប្រកាសថា កងកម្លាំង​ពិសេស​ខាងលើនេះ បានចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ហើយ​។ កងកម្លាំង​ខាងលើនេះ ក៏​មាន​ជំនាញ​ខាង រំដោះ​ចំណាប់ខ្មាំង និង​អ្នកទោស ចេញ​ពី​ពួក ISIS ប្រកបដោយ​សុវត្ថិភាព​ផងដែរ​៕