(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តយុទ្ធនាការរបស់ខ្លួន ក្នុងការចុះជួយអប់រំពីវិធីសាស្ត្រការពារ-ទប់ស្កាត់ជំងឺកូវីដ១៩ រួមនិងការចែកជូនអំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបន្តចុះរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១៨នាក់ ធ្វើឡើងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ តំណាងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សហប្រធានអង្កេតប្រជាសាស្រ្ត និងសុខភាពជាមួយក្រសួងសុខាភិបាល និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៣ឃុំ។
យុទ្ធនាការរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការជាមួយកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចំនួន០៣នាក់ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ ចំនួន០៩នាក់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយលោក ម៉ួង ធី អភិបាលស្រុកឱរ៉ាល់ ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះ ធ្វើសកម្មភាពរួមមាន៖
អប់រំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ និងមានបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ចែក អាកុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ រួមទាំងស្បៀងអាហារ មានជា ត្រីខ មី ជាពិសេស អនុវត្ត ៣ការពារ ៣កុំ ក្នុងវិធានការ ការពារ Covid-19៖
៣ការពារ ៖
១៖ ពាក់ម៉ាស់
២៖ លាងដៃ
៣៖ គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១.ម៉ែត្រឡើងទៅ)
៣កុំ៖
១៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង ម៉ាស៊ីនត្រជាក់ច្រើនពេក
២៖ កុំទៅកន្លែងមានមនុស្សច្រើន
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម
ជាមួយគ្នានោះដែរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម …។ល។ ក្នុងនោះបានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៣៦គ្រួសារ មានចំនួន៤៥នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល នៅភូមិដីឆ្នាំង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាពិសេសថែមទាំងជួយកសាងទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំសម្រេចបាន ៧០% ចំនួន០៣ឃុំ រួមមាន៖ ១៖ ឃុំរស្មីសាមគ្គី, ២៖ ឃុំហោងសំណំ, ៣៖ ឃុំតាសាល, ៤៖ កំពុងរៀបចំសាងសង់ព្រះវិហារចំនួន ០១ទៀត ក្នុងឃុំរស្មីសាមគ្គី និងទី៥៖ កំពុងរៀបចំជួសជុលផ្លូវក្រោយពេលទឹកជំនន់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងឃុំរស្មីសាមគ្គី ។
គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប(អង្គរសង្ក្រាន្ត) ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដោយបានសហការពីសាខាសកម្មជនក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីនិងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីនិងខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់ដែលពាក់ព័ន្ធ។
លោកវេជ្ជបណ្ឌិត សាយ ឫទ្ធី បានឲ្យដឹងថា ការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។បញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតំណាងលោក លេង ផាលី រូបនេះក៏បានឲ្យដឹងទៀតថា ការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋ រៀងរហូតមកគឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់លោក ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកគ្រប់កាលទេសៈ។
សូមជម្រាបជូនថា ក្នុងរយៈពេល៩៩ខែ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១) ក្នុងពេល៩ឆ្នាំនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន៤,៥៣៣នាក់ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២០រាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២៧៤លើក ក្នុងនោះព្យាបាលជំងឺជូនប្រជាពលបានចំនួន៥៤១,៥៣៦នាក់ (ហាសិបបួនម៉ឺនមួយពាន់ប្រាំពីររយសាមសិបប្រាំមួយនាក់) ក្នុងនោះស្ត្រីមានចំនួន៣៦៤,២២០នាក់ (សាមសិបប្រាំមួយម៉ឺនបួនពាន់ពីររយម្ភៃនាក់)៕