(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីនាំយកសារលិខិត ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោក ស្រី ងួន សុផាន្នី ត្រូវជាភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសរួមអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើង។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ ដែលជាវិធានការមុតស្រួចដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារសពនូវ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ទឹកក្រូច៥កេស និងថវិកាមួយចំនួន៕