(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃលោក ឆាវ៉ាលីត យ៉ុងឆៃយុទ្ធ (Chavalit Yongchaiyudh) បាននិយាយថា ក្រុមឧទ្ទាម ISIS បាននឹងកំពុងតែសំងំខ្លួននៅភាគខាងត្បូងប្រទេសថៃ ប៉ុន្តែការលើកឡើងនេះ ត្រូវបានអាជ្ញាធរសន្ដិសុខថៃ ច្រានចោលភ្លាមៗ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ ចេញផ្សាយនាពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ យ៉ុងឆៃយុទ្ធ បាននិយាយថា រូបលោកកំពុងតែមានចម្ងល់យ៉ាងខ្លាំងថា តើរដ្ឋាភិបាលថៃ មានដឹងពីវត្តមានរបស់ក្រុមឧទ្ទាមមួយ ដែលមានឈ្មោះថា «ក្ងានខ្មៅ ឬ Black Swan» ដែលកំពុងឈរជើងនៅភាគខាងត្បូងប្រទេសថៃ ដែរឬទេ? ក្រុមមួយនេះ ត្រូវបានលោកជឿថា ជាដៃជើង ឬសម្ព័ន្ធមិត្តរបស់ក្រុម ISIS ដែលនៅពេលនេះកំពុងតែមានទំនាក់ទំនងគ្នាយ៉ាងខ្លាំង។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលថៃ បើការស៊ើបអង្កេតមួយទៅលើក្រុមឧទ្ទាមក្ងានខ្មៅ និងបានព្រមានឲ្យមានកំណែទម្រង់ទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីឲ្យមានប្រសិទ្ធភាពជាងគេនេះ។
មន្ត្រីយោធាជាន់ខ្ពស់របស់ថៃ លោក Wiwat Pathomphak បាននិយាយថា លោកមិនធ្លាប់ឮឈ្មោះក្រុមឧទ្ទាមក្ងានខ្មៅ ហើយក៏ធ្លាប់ទទួលបានរបាយការណ៍ពីក្រុមស៊ើបការណ៍សម្ងាត់ទាក់ទងរឿងនេះផងដែរ ដូច្នេះលោកសូមច្រានចោលនូវពាក្យសំដីរបស់លោក យ៉ុងឆៃយុទ្ធ។
គួរបញ្ជាក់ផងដែរថា មុននេះ មានសេចក្ដីរាយការណ៍មកថា មានជនជាតិស៊ីរី ០២រូប បានធ្វើដំណើរទៅកាន់ភាគខាងត្បូងនៃប្រទេសថៃ ដោយក្នុងនោះគេសង្ស័យថា ជាសកម្មជនរបស់ ISIS ដែលមកធ្វើការទំនាក់ទំនងជាមួយក្រុមឧទ្ទាមប្រចាំតំបន់នោះ៕