(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងឧបត្ថម្ភអង្ករ ៤០បេ មី២០កេសធំ ម៉ាស១កេសធំ ទឹកសុទ្ធ១០០កេស និងថវិកាចំនួន ៥,០០០,០០០រៀល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត អភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រ ទាំងគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់កងកម្លាំងនគរបាល ដែលជាសេនាធិការផ្ទាល់ជូន គណ:បញ្ជាការឯកភាពខេត្តរដ្ឋបាលខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្ត ក្នុងការខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង០៨ចំណុច ពិសេសជាកម្លាំងយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត អភិបាលខេត្ត បានបញ្ជាក់ថាចំពោះអំណោយដែលផ្តល់ជូននាថ្ងៃនេះ សម្រាប់ប្រើប្រាស់ទ្រទ្រង់ជីវភាពកងកម្លាំង បម្រើ កិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគំរាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តត្បូងឃ្មុំ នូវចំណុចមួយចំនួនរួមមាន៖

* ចុះពិនិត្យ វាយតម្លៃ តាមអធិការ និងតាមបណ្តាប៉ុស្តិ៍ទាំងអស់ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ពីការរអូរទាំ ឬសាទរពីពលរដ្ឋ
* បន្តអនុវត្ត «៣កុំ ៣ការពារ» ទោះចាក់វ៉ាក់សាំងហើយក្តី ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងបន្តជំងឺកូវីដ១៩
* មន្ត្រីដែលឈរជើងតាមព្រំដែន បន្តពង្រឹងការងារឲ្យមានប្រសិទ្ធភាពបំផុត រាល់ទំនិញចេញចូល និងការធ្វើដំណើរឆ្លងកាត់ទៅមក ត្រូវអនុវត្តទៅតាមវិធានសុខាភិបាល ពិសេសហាមដាច់ខាតមេខ្យល់ដែលនាំពលករចេញចូល បើមានមន្ត្រីទទួលសំណូក ត្រូវទទួលទោសតាមផ្លូវច្បាប់
* បន្តយកចិត្តទុកដាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានារក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពលរដ្ឋរស់នៅដោយមិនភិតភ័យនៅក្នុងមូលដ្ឋានសហគមន៍
* ជាពិសេសបន្តផ្តល់សេវាសាធារណៈឲ្យបានល្អ លឿន និងឆាប់រហ័ស ប្រកបដោយសុជីវធម៍ និងក្រមសីលធម៌ខ្ពស់ ក្នុងនាមជាអាណាព្យាបាល ដាច់ខាតមិនទទួលនូវសំណូក ដែលជាចំនុចដ៏រសើប ជាប្រភពប្រមូលបាននូវសមានចិត្តពីពលរដ្ឋ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា៕