(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលអំណោយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈ ពីសប្បុរសជន ដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

សប្បុរសជនដែលបានមកចូលរួមឧបត្ថម្ភដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖

* ទី១៖ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា ១០ លានរៀល។
* ទី២៖ សាខាពន្ធដារខេត្តកំពង់ចាម ថវិកា ០២ លានរៀល។
* ទី៣៖ ក្រុមហ៊ុន ខេស៉ី ៤ស្តារ ថវិកា ០៤ លានរៀល និងម៉ាសចំនួន ១,០០០ បន្ទះ។
* ទី៤៖ ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ ១៥០យួរ មី ៥០ កេសតូច។
* ទី៥៖ ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកា ០១ លានរៀល។
* ទី៦៖ លោក ប៊ុន សុគន្ធ និងភរិយា ទឹកបរិសុទ្ធ ១០០យួរ។

ស្ថិតក្នុងឱកាសនោះ ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ចិត្តប្រកបដោយមនុស្សធម៌ របស់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវសម្ភារ: គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា មកដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏សាហាវនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕