(ភ្នំពេញ)៖ ក្រុមហ៊ុនជាតិធានារ៉ាប់រង «កាមិនកូ» នាពេលថ្មីៗកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ជាមួយក្រុមហ៊ុនធានារ៉ាប់រង របស់ប្រទេសចិន ចំនួន៥ក្រុមហ៊ុន ដើម្បី ពង្រឹង និងពង្រីកអាជីវកម្មធានារ៉ាប់រង រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ ដែលប្រកបដោយជំនាញច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការអភិវឌ្ឍវិស័យធានារ៉ាប់រង នៅអនុតំបន់ទន្លេមេគង្គ និងអាស៊ាន ក្នុងពិធីនោះមានការអញ្ជើញ ចូលរួមជាពីសំណាក់ លោកស្រី ខែក ស៊ីសូដា ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាព នៃកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន, លោក ប៉ែន ដារ៉ារ័ត្ន ជំនួយការផ្ទាលឯកអគ្គរាជទូត, លោក វ៉ាង យូឡី អគ្គនាយកនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា «កាមិនកូ», លោកស្រី Li Xiang Li នៃក្រុមហ៊ុនធានារ៉ាប់រង THE PEOPLE’S INSURANCE COMPANY (GROUP) OF CHINA (PICC), លោក Fook Kong Lye នៃក្រុមហ៊ុនធានារ៉ាប់រងបន្ត HANNOVER RE, លោក Zheng Xiao Zhe នៃក្រុមហ៊ុនធានារ៉ាប់រង China United Property Insurance Company ព្រមទាំង អ្នកតំណាងផ្សេងៗទៀត។
លោកអគ្គនាយកក្រុមហ៊ុនជាតិធានារ៉ាប់រង កាមិនកូ បានថ្លែងថា គោលបំណងនៃកិច្ចសហការនេះ គឺធ្វើឡើងដើម្បីពង្រឹង និងពង្រីកអាជីវកម្មធានារ៉ាប់រង រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ ដែលប្រកបដោយជំនាញច្បាស់លាស់ និងប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការអភិវឌ្ឍវិស័យធានារ៉ាប់រង នៅអនុតំបន់ទន្លេមេគង្គ និងអាស៊ាន។
នៅក្នុងពិធីចុះហត្ថលេខានេះ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា «កាមិនកូ» បានចុះហត្ថលេខាលើកិច្ចសហការ ជាមួយដៃគូ ធានារ៉ាប់រងបន្ត និង កិច្ចព្រមព្រៀងជាដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនធានារ៉ាប់រងនៃសាធារណរដ្ឋប្រជាមានិត ចិនចំនួន៥ ដែលរួមមាន China United Property Insurance Company, Ping An Insurance (Group) Company of China, Ltd, Starr Property & Casualty Insurance (China) Company Limited, Hannover Re, និង China Cooperation Insurance Broker Co., Ltd។
គួរបញ្ជាក់ថា ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា «កាមិនកូ» គឺជាក្រុមហ៊ុនធានារ៉ាប់រង ដែលត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងមុនគេបង្អស់នៅកម្ពុជា កាលពីឆ្នាំ១៩៩០។ ក្នុងឆ្នាំ២០០៣ ដោយមានការសហការ រវាងក្រុមហ៊ុនឯកជន និងក្រសួង ភាគហ៊ុនរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបានរក្សាត្រឹម ២៥% រីឯភាគហ៊ុនដែលនៅសល់ គឺភាគហ៊ុនរបស់ឯកជន ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនធានារ៉ាប់រងតែមួយគត់ ដែលមានភាគហ៊ុនជាមួយស្ថាប័នរដ្ឋ។
ពិសេសក្នុងឆ្នាំ២០១៥ ក្រុមហ៊ុន «កាមិនកូ» បានចាប់ផ្តើមខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យក្លាយជាក្រុមហ៊ុនលំដាប់ថ្នាក់ អន្តរជាតិនាពេលអនាគត ដោយមានការចូលហ៊ុនពីក្រុមហ៊ុនបរទេសផងដែរ៕