(ភ្នំពេញ)៖ បន្ទាប់ពីបិទទ្វារមួយរយៈ ដោយសារតែមានការជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅពេលនេះ អាជ្ញាធរខណ្ឌ៧មករា បានសម្រេចអនុញ្ញាតឲ្យអគារស្កាយឡាញ (អគារ A) បើកដំណើរការជាធម្មតាវិញហើយ។
ការអនុញ្ញាតនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រោមការដឹកនាំចុះពិនិត្យផ្ទាល់របស់លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា។
ម្ចាស់ទីតាំង អគារស្កាយឡាញ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងអគារ បានសម្ដែងក្ដីអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងជាពិសេស ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលជានិច្ចជាកាល សម្ដេចតែងតែនៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយរាល់គ្រប់បញ្ហាជូនប្រជាជនទូទាំងប្រទេស។
ជាមួយគ្នានេះ ម្ចាស់ទីតាំង អគារស្កាយឡាញ ក៏បានសន្យាថា នឹងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ក្រសួងសុខាភិបាល និងជាពិសេសគឺវិធានការ «៣ការពារ ៣កុំ» ដែលបានដាក់ចេញដោយ សម្ដេចតេជោប្រមុខដឹកនាំដ៏ឆ្នើមនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
សម្រាប់អគារស្កាយឡាញ អគារ B ត្រូវបានអាជ្ញាធរបើកដំណើរការឡើងវិញផងដែរកាលពីពេលកន្លងទៅ៕