(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ (COVID-19) បានជូនដំណឹងដល់សាធារណៈ ដែលមានទំនាក់ទំនង ឬធ្លាប់ទទួលសេវាម៉ាស្សា ជាមួយបុគ្គលិក នៅហាងម៉ាស្សាសរសៃឈ្មោះ GANESH ស្ថិតនៅផ្ទះលេខ២២Z ផ្លូវលេខ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សូមប្រញ៉ាប់ទៅយក សំណាកដើម្បីពិនិត្យស្វែងរកជំងឺកូវីដ១៩។

ទីតាំងដែលត្រូវទៅយកសំណាករួមមាន៖

*មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*វិទ្យាល័យបាក់ទូក
*វិទ្យាល័យបឹងកេងកង។

សូមបញ្ជាក់ថា ហាងម៉ាស្សា Ganesh House ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ ក្រោយរកឃើញថាបុគ្គលិកមួយចំនួនបានឆ្លងកូវីដ១៩។

នេះបើតាមលិខិតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ផ្ញើទៅលោក នួន វី ម្ចាស់អាជីវកម្មម៉ាស្សា Ganesh House អភិបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យហាងម៉ាស្សា Genesh House ដែលមានអាសយដ្ឋានផ្ទះ ២២z ផ្លូវលេខ ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បញ្ឈប់ជាបន្ទាន់នូវការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។

លិខិតរបស់អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមការស្រាវជ្រាវក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញបុគ្គលិករបស់អាជីវកម្មម៉ាស្សា Ganesh Hous ចំនួន៧នាក់ ក្នុងចំណោម៩នាក់ បានយកសំណាកជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩។

ក្នុងនោះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះបិទទីតាំងខាងលើរួចរាល់ហើយ ប៉ុន្តែនៅតែបង្កលក្ខណៈដល់បុគ្គលិករបស់ខ្លួន ឱ្យបន្តអាជីវកម្មម៉ាស្សាជូនអតិថិជន តាមរយៈការណាត់ជួបនៅតាមទីតាំងខាងក្រៅផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ដែលនេះគឺជាទង្វើផ្ទុយពីវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងអាចនាំទៅដល់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។

លិខិតដែលផ្ញើទៅម្ចាស់អាជីវកម្មម៉ាស្សា Ganesh House បានបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ និងក្រើនរំលឹក លោកត្រូវបញ្ឈប់ជាបន្ទាន់រាល់ការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ លោកត្រូវផ្តល់កិច្ចសហការឱ្យបានល្អជាប់ជាប្រចាំជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីស្រាវជ្រាវប្រភពចម្លង និងបណ្តាញទំនាក់ទំនងដែលនាំឱ្យកើតមានករណីវិជ្ជមានក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន»។

បើតាមអភិបាលរាជធានីភ្នំពេញ, ប្រសិនបើម្ចាស់ហាងខាងលើ នៅតែមិនអនុវត្តតាមការណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕