(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីតែងតាំង អភិបាលខណ្ឌឫស្សីកែវថ្មី គឺលោក ជា ពិសី ជំនួសលោក ធុយ សាខន ដែលត្រូវចូលនិវត្តន៍។
ជាមួយគ្នានេះ លោក ស៊ូ សោគន្ធ ដែលបច្ចុប្បន្នជានាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ ត្រូវបានតែងតាំងជាអភិបាលរង ខណ្ឌឫស្សីកែវ ជំនួសតំណែង លោក ជា ពិសី ហើយលោក ទុង សោភណ័ ដែលបច្ចុប្បន្នជានាយករងរដ្ឋបាល សាលាខណ្ឌឫស្សីកែវ ត្រូវបានឡើងជានាយករដ្ឋបាលស្តីទី ។
ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស បានបង្គាប់ទៅគណៈអភិបាល ខណ្ឌប្ញស្សីកែវថ្មី នាំគ្នាទៅធ្វើសច្ចាក្នុងចិត្តថាត្រូវស្មោះត្រង់ នឹងជាតិស្មោះត្រង់ជាមួយប្រជាជន ហើយខិតខំបម្រើប្រជាជន ដោយក្តីរីករាយ ហើយធ្វើអ្វីៗដើម្បីប្រជាជន កុំឲ្យភ្លេចខ្លួន នឹងមុខតំណែង ។ នេះជាលើកទី១ហើយ ដែលគណៈអភិបាលខណ្ឌថ្មី ត្រូវបានចៅហ្វាយក្រុង បង្គាប់អោយនាំគ្នាទៅធ្វើការសន្យា នៅចំពោះមុខបារមីលោកយាយពេញ និងវត្ថុស័ក្តិសិទ្ធិ នៅទីរមណីយដ្ឋានវត្តភ្នំ។
មន្ត្រីសាលាខណ្ឌឫស្សីកែវ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យថា ការផ្លាស់មុខតំណែងនេះ គឺត្រូវប្រកាសតែងតាំង តាំងពីថ្ងៃទី១ ខែកមរា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែដោយសារលោក ធុយ សុខន អភិបាលខណ្ឌសព្វថ្ងៃមាន ឋានៈជាឧត្តមមន្ត្រី ហើយការតែងតាំងឬការ ផ្លាស់ប្តូរតួនាទីត្រូវមានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រ ដូច្នេះទើបមានការយឺតយ៉ាវអូសបន្លាយ រហូតដល់ថ្ងៃទី១ ខែមីនានេះ ។
គួរបញ្ជាក់ថាលោក ធុយ សាខន បានត្រូវតែងតំាងជាអភិបាលខណ្ឌប្ញស្សីកែវ ក្រោយបំបែកខណ្ឌប្ញស្សីកែវ ជា២ខណ្ឌកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នំា២០១៤ ហើយមកដល់ដើមឆ្នំា២០១៦នេះ បានចូលនិវត្តន៍។ ចំណែកលោក ជា ពិសី បានតែងតំាងជាអភិបាលរង ខណ្ឌប្ញស្សីកែវ ក្នុងអំឡុងឆ្នំា២០១២។
លោក ជា ពិសី ធ្លាប់ជាស្មៀនសង្កាត់ស្រះចក ខណ្ឌដូនពេញ ៕