(អាមេរិក)៖ អង្គការ NASA របស់អាមេរិក កំពុងតែអភិវឌ្ឍន៍ផែនការធំរបស់ខ្លួនកាលពីមុន ដែលចង់ផលិតឲ្យបាននូវយន្តហោះដឹកអ្នកដំណើរប្រភេទលឿនផ្តាច់គេលើលោក ហើយវាអាចនឹងក្លាយជាការពិតក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០១៦។
អង្គការ NASA បានប្រកាសជាផ្លូវការនូវគម្រោងខាងលើនៅដើមសប្តាហ៍នេះ ក្នុងទឹកប្រាក់ចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន Lockheed Martin ចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក។ ដៃគូសហការទាំងពីរ នឹងធ្វើការសិក្សាព្រមទាំង ច្នៃម៉ូដយន្តហោះ ដែលនឹងអាចធ្វើដំណើរបានលឿនជាងល្បឿនសំឡេងទៅទៀត។
យន្តហោះដែលត្រូវបានគេឲ្យឈ្មោះថា Quieter Supersonic នឹងមានបំពាក់បច្ចេកវីទ្យា QueSST សម្រាប់កាត់បន្ថយរំញ័របេះដូង សម្រាប់អ្នកជិះនៅលើយន្តហោះ និង ការបំពុលបរិស្ថានខាងក្រៅតាមរយៈសំឡេងផងដែរ។ វាត្រូវបានគេរំពឹងទុកថា នឹងសម្រេចចេញជារូបរាង ព្រមទាំងធ្វើការហោះសាកល្បងនៅឆ្នាំ ២០២០៕