(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតបានសម្តែងនូវទឹកព្រះទ័យ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយលោក ហួរ ឡាវី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់អ្នកស្រី នួន សុផាន្នី ដោយសារជំងឺកូវីដ១៩។

ក្នុងព្រះរាជសាររំលែកមរណទុក្ខដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ព្រះមហាក្សត្រី បានចាត់ទុកមរណភាពរបស់អ្នកស្រី នួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយដែលជាទីគោរពស្រឡាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។ សម្តេចម៉ែ ក៏បានសូមឱ្យវិញ្ញាណក្ខន្ធអ្នកស្រី នួន សុផាន្នី អញ្ជើញទៅកាន់សុគតិភពកុំបីខាន។

សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។

អ្នកស្រី នួន សុផាន្នី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រីគឺកញ្ញា វី ឌីណែត។

បច្ចុប្បន្នកញ្ញា វី ឌីណែត និងប្អូនស្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈលោក ហួរ ឡាវី និងសមាជិកគ្រួសារដទៃទៀតត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ កញ្ញា វី ឌីណែត និងក្រុមគ្រួសារបានត្រឹមធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នួន សុផាន្នី តាមប្រព័ន្ធវីដេអូប៉ុណ្ណោះ៕