(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩។
ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោក គឹម ឃីស៊ុន គឺជាការបាត់បង់ស្វាមី និងឪពុក ដ៏ល្អ និងជាទីគោរពស្រលាញ់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោក គឹម ឃីស៊ុន បានទៅកាន់សុគតិភព។ ជាមួយនឹងការរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល និងទេយ្យទានមួយចំនួនទៀតផងដែរ។
ដោយសារតែកម្ពុជាកំពុងរងនូវការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩នោះ នៅក្នុងសាររំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងដោយអនុវត្តតាមវិធានសុខាភិបាល និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសរួមគ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ»។ ៣ការពារ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល សាប៊ូ រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ, ៣កុំ៖ កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱប កុំជួបជុំក្នុងបន្ទប់បិទជិត កុំជួបជុំ និងកន្លែងមានមនុស្សកុះករ។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន អាយុ ៤៦ឆ្នាំ មានលំនៅឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាមន្ត្រីនរគបាលបម្រើការងារនៅក្រសួងមហាផ្ទៃ បានទទួលមរណភាពល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕