Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក សៅ ពន្លឺ ដែលត្រូវឃាត់ខ្លួន រឿងឈ្លោះជាមួយស្រីស្នេហ៍ មានសារធាតុញៀនក្នុងខ្លួន

01-03-2016 10:12

(ភ្នំពេញ)៖ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦នេះថា លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលត្រូវបានឃាត់ខ្លួន នៅរសៀលម្សិលមិញ ក្រោយឈ្លោះប្រកែកនិងគំរាមស្រីស្នេហ៍ របស់ខ្លួននោះ គឺមានសារធាតុញៀនក្នុងខ្លួន ក្រោយយកទឹកនោមទៅពិនិត្យ។

លោក សៅ ពន្លឺ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្លូវកាច់ជ្រុងសាលាសន្ធរម៉ុក ខណ្ឌទួលគោក ក្រោយពីលោកមេបញ្ជាការរងរូបនេះ កើតជម្លោះនិងគំរាមកំហែង ស្រីស្នេហ៍របស់ខ្លួនយ៉ាងខ្លាំងៗ។

ក្រោយមានការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថខណ្ឌទួលគោក លោក សៅ ពន្លឺ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញ ហើយរហូតមកដល់យប់ថ្ងៃដដែរនេះ មិនទាន់ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅវិញនៅឡើយទេ។

ជុំវិញការឃាត់ខ្លូនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺខាងលើនេះ ទាំងលោក មុាំង សុខលុច នាយការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ និងនាយរងការិយាល័យ លោក ខ័ណ្ឌ ចាន់ណារ៉ា បានប្រាប់ Fresh News នៅយប់ថ្ងៃដដែលនេះថា លោកក្តាប់ព័ត៌មាន មិនបានលំអិតនោះទេ។

មន្រ្តីអាវុធហត្ថខណ្ឌទួលគោក បានប្រាប់ថា ពិតជាមានការឃាត់ខ្លួនលោក សៅ ពន្លឺ ពិតមែនប៉ុន្តែបាន បញ្ជូនទៅក្រុងភ្លាមៗផងដែរ៕