(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញពីសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ ស្តីពីកិច្ចសហប្រតិបត្តិការនិងនវានុវត្តន៍វប្បធម៌ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ ស្តីពីកិច្ចសហប្រតិបត្តិការនិងនវានុវត្តន៍វប្បធម៌ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
យើងជាសមាជិកសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី (ICAPP) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៉ីលើកទី២ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំត្រូវបានសហការរៀបចំដោយលេខាធិការដ្ឋានក្រុមប្រឹក្សាវប្បធម៌អាស៉ី (ACC) និង ICAPP។ យើងបានរំលឹកសារជាថ្មី អំពីស្មារតីនៃសេចក្តីថ្លែងការណ៍ក្រុងសៀមរាបសម្រាប់វប្បធម៌សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់រវាងមនុស្សជាតិ និងនវានុវត្តន៍ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទ នៅក្នុងពិធីប្រកាស ACC ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
យើងសូមកោតសរសើរយ៉ាងខ្ពង់ខ្ពស់ លើការដឹកនាំប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយសនៃ ACC លោក មោហាម៉ាត់ យូសូស កាឡា អតីតអនុប្រធានាធីបតីនៃសាធារណរដ្ឋ ឥណ្ឌូនេស៉ី លោក ខាកា ប្រាសាដ សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋនេប៉ាល់ លោក ហូហ្សេ ឌឺ វេនីហ្សៀ ប្រធានស្ថាបនិក ICAPP លោក ជុង អ៊ុយយ៉ុង សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP
និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ រួមទាំងថ្នាក់ដឹកនយោបាយលេចធ្លោដ៏ទៃទៀតមកពីទ្វីបអាស៉ី ចំពោះកិច្ចខិតខំប្រឹងប្រែងដែលមិនចេះនឿយហត់ និងការប្តេជ្ជាចចិត្តចំពោះបុព្វហេតុ ACC។
យើងសូមទទួលស្គាល់ និងអបអរសាទរ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សមាជិកប្រចាំការ របស់ ICAPP និង ACC ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចការសំខាន់ៗរបស់ ACC។ យើងក៏សូមថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៉ី វេទិកាសម្ព័ន្ធសង្គមស៉ីវិល វិទ្យាស្ថានចក្ខុវិស័យអាស៉ី និងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀត ចំពោះការគាំទ្រ និងភាពជាដៃគូរក្នុងការអនុវត្តគម្រោងរបស់ ACC។ បន្ថែមពីនេះទៀត យើងសូមថ្លែងអំណរគុណដល់វាគ្មិនគន្លឹះ មកពីអង្គការ UNESCO UNOPS និងវិទ្យាស្ថានចក្ខុវិស័យអាស៉ី ដែលបាន ចែករំលែកនូវទស្សនវិស័យនៅក្នុងកិច្ចប្រជុំថ្ងៃនេះ។
យើងសូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញារបស់យើងក្នុងការលើកស្ទួយសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជន និងការទុកផលប្រយោជន៍របស់ប្រជាជននៅជួរមុខ និងជាស្នូលសម្រាប់ការអភិវឌ្ឍជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ចំពោះការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ យើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍ ដោយយកវប្បធម៌ជាមូលដ្ឋាន និងទំនាក់ទំនងប្រទាក់ក្រឡាគ្នារវាងនវានុវត្តន៍និងវប្បធម៌។
យើងសូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញារបស់យើង ដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ក្រុងសៀមរាម កាលពីឆ្នាំ២០១៩ ក្នុងការប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអង្គការ UNESCO និងធម្មនុញ្ញ ICAPP កិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាង ICAPP និងអង្គការUNESCO និងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក (3M4 PEACE) ដើម្បីសម្រេចបាននូវគោលការណ៍សន្តិសហវិជ្ជមាន សមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង វឌ្ឍនភាពនៃបច្ចេកវិទ្យា និងនវានុវត្តន៍ កិច្ចសន្ទនាក្នុងន័យស្ថាបនា និងវិបុលភាពសេដ្ឋកិច្ច។
យើងសូមសន្យាបន្តជំរុញកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួម ក្នុងការលើកកម្ពស់សាមគ្គីភាពក្នុងបរិបទនៃភាពចម្រុះនៃជំនឿ និងសុខដុមរមនាខាងសាសនា និងវឌ្ឍនភាពសង្គមប្រកបដោយបរិយាប័ន្ន តាមរយៈ សង្គមូបនីយកម្ម និងការលើកកម្ពស់បទដ្ឋានកិច្ចសហប្រតិបត្តិការ អត្តសញ្ញាណវប្បធម៌ និងគុណតម្លៃនៃមនុស្សជាតិ។
ដើម្បីសម្រេចនូវបានគោលដៅក្នុងការកសាងសង្គមមួយប្រកបដោយសន្តិភាព ចីរភាព បរិយាប័ន្ន និងភាពធន់នៅទ្វីបអាស៉ី និងការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍វប្បធម៌ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ យើងសូមប្រកាសដូចខាងក្រោម៖
* កិច្ចសហប្រតិបត្តិការជាសកល
១៖ យើងប្តេជ្ញាកៀគរកម្លាំង និងធនធានរបស់យើង ដើម្បីលើកស្ទួយភាពសម្បូរបែប និងភាពចម្រុះនៃវប្បធម៌របស់យើង ដើម្បីកសាងសេដ្ឋកិច្ចឡើងវិញឲ្យកាន់តែរឹងមាំ និងកាន់តែធន់ បន្ទាប់ពីការរាតត្បាតសកលនៃជំងឺកូវីដ-១៩។
២៖ យើងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនា និងភាពជាដៃគូរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ដើម្បីបង្កើតឱកាសការងារ សម្រាប់ប្រជាជនមូលដ្ឋាន និងដើម្បីលើកកម្ពស់ភាពទាក់ទាញរបស់សហគមន៍របស់ពួកគេ។
៣៖ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរអន្តរជាតិ ក្នុងក្របខណ្ឌទេ្វភាគី និងពហុភាគី ក្នុងការលើកកម្ពស់ការអភិវឌ្ឍដោយយកវប្បធម៌ជាមូលដ្ឋាន ទំនាក់ទំនងប្រទាក់ក្រឡាគ្នារវាងវប្បធម៌និងនវានុវត្តន៍ និងការអភិវឌ្ឍដែលយកប្រជាជនជាស្នូល។
៤៖ យើងផ្តោតសំខាន់លើវិធីសាស្រ្តដែលមើលពីសង្គមទាំងមូល ក្នុងការឆ្លើយតបទៅនឹងតម្រូវការសង្គម និងការគាំទ្រការសម្របខ្លួន និងភាពធន់របស់សង្គម ក្នុងអំឡុងពេលនៃវិបត្តិ ដូចជាការរំខានផ្នែកសង្គម និងការរាំងស្ទះផ្នែកបច្ចេកវិទ្យា និងការរឹតបន្តឹងការចល័តរបស់ប្រជាជន ដែលបង្កដោយជំងឺរាតត្បាត។
* នវានុវត្តន៍ បច្ចេកវិទ្យា និងឧស្សាហកម្មច្នៃប្រឌិត ដើម្បីវិបុលភាពរួម
៥៖ យើងទទួលស្គាល់នូវភាពចាំបាច់ក្នុងការលើកកម្ពស់ការវិនិយោគបន្ថែមទៀតលើនវានុវត្តន៍ និងការអភិវឌ្ឍដែលមានវប្បធម៌ជាចលករ។ យើងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញនវានុវត្តន៍ លើវិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត ដើម្បីវិបុលភាពរួម។
៦៖ យើងសង្កត់ធ្ងន់លើភាពចាំបាច់នៃភាពជាដៃគូររវាងសាធារណៈនិងឯកជន ក្នុងការអភិវឌ្ឍវប្បធម៌និងឧស្សាហកម្មច្នៃប្រឌិត ដើម្បីផ្សារភ្ជាប់រវាងវប្បធម៌ និងអរិយធម៌ផ្សេងៗគ្នា ជាពិសេសការចាប់យកឱកាសពីបដិវត្តឧស្សាហកម្មទី៤។
៧៖ យើងសូមផ្តល់អនុសាសន៍ឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យ វប្បធម៌ តាមរយៈការវិនិយោគលើបេតិកភណ្ឌវប្បធម៌ ដែលនឹងលើកកម្ពស់ចំណងមិត្តភាព ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងវប្បធម៌និងអរិយធម៌ផ្សេងៗគ្នា ឱ្យកាន់តែរឹងមាំ។
៨៖ យើងសូមអំពាវនាវដល់បណ្តាគណបក្សនយោបាយ រដ្ឋាភិបាល វិស័យសាធារណៈ និងវិស័យឯកជន និងស្ថាប័នសង្គមស៉ីវិល ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍លើវិស័យវប្បធម៌ និងឧស្សាហកម្ម ច្នៃប្រឌិត ដើម្បីបង្កើតស្តង់ដារនិងការអនុវត្ត ដែលសម្របសម្រួល និងបង្កលក្ខណៈឱ្យមានបរិយាប័ន្នសង្គម ក៏ដូចជាកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។
៩៖ យើងទទួលស្គាល់នូវភាពបន្ទាន់ក្នុងការធ្វើសមាហរណកម្ម និងការផ្សព្វផ្សាយបច្ចេកវិទ្យា ក្នុងវិស័យសិល្បៈ និងវប្បធម៌ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈកម្មវិធីនវានុវត្តន៍វប្បធម៌ និងសង្គម នៅក្នុងអំឡុងពេល និងក្រោយជំងឺកូវីដ១៩។
* កិច្ចសហប្រតិបត្តិការជាក់ស្តែង
១០៖ យើងលើកទឹកចិត្តឱ្យមានការកៀរគរធនធានហិរញ្ញវត្ថុ ក្នុងទម្រង់ជាមូលនិធិបរិបាល ឬមូលនិធិអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការគាំទ្រពីអង្គការអន្តរជាតិ មូលនិធិឯកជន និងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាគម្រោងទ្វេភាគីឬពហុភាគី សម្រាប់គម្រោងវប្បធម៌ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សង្គមនាពេលបច្ចុប្បន្ននិងអនាគត។
១១៖ យើងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌សំខាន់ៗ តាមរយៈប្រព័ន្ធវីដេអូ ឬដោយផ្ទាល់ ដោយផ្តោតសំខាន់លើគំនិតផ្តួចផ្តើមផ្នែកវប្បធម៌ ដូចជាការរត់ម៉ារ៉ាតុងវប្បធម៌ គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមផ្លូវសូត្រនៃអង្គការ UNESCO ព្រមទាំងបណ្តាញ និងគម្រោងវប្បធម៌នៃបណ្តាប្រទេសជាសមាជិក ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ភាពសុខដុមរមនា និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ។
១២៖ យើងសូមសម្តែងនូវការកោតសរសើរចំពោះលេខាធិការដ្ឋាន ICAPP និងACC ដែលបានរៀបចំកិច្ចប្រជុំ ACC លើកទី២ ប្រកបដោយជោគជ័យ។
យើងក៏លើកទឹកចិត្តឱ្យ ACC ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយ ស្ថាប័នស្រាវជ្រាវ អង្គការអន្តរជាតិ អង្គការសង្គមស៉ីវិល និងក្រុមហ៊ុនឯកជន ដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តដែលបានរៀបរាប់ខាងលើ និងស្វែងរកកម្មវិធីប្រកបដោយនវានុវត្តន៍ នានាដូចជាគម្រោង TECHO ភូមិ១០០ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ។ អនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២១៕