(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល សហការរៀបចំកន្លែងនៅតាមមន្ទីរពេទ្យមន្ទីរពេទ្យបង្អែក និងទីតាំងចាក់វ៉ាក់សាំងនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Astra Zeneca ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ឱ្យបានចប់ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩មីនានេះ។
បន្ថែមលើនេះលោក ឃួង ស្រេង ក៏បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់ មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ ជាមួយគ្នានោះដែរ ក្នុងនាមអាជ្ញាធរសង្កាត់ ភូមិ ត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ កុំអោយប្រជាពលរដ្ឋមានវ័យចាស់ៗ ដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ «នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមានដូចជា មន្ទីរពេទ្យបង្អែកសម្តេចឪ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែករាជធានី, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកពោធិចិនតុង, មន្ទីរពេទ្យបង្អែកសែនសុខ និងមន្ទីរពេទ្យបង្អែកច្បារអំពៅ ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីតាំងសំរាប់ចាក់វ៉ាក់ សាំងបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿនទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន ដែលបានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធររាជធានីនិងក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១៩ មិនានេះ»។
លោកបញ្ជាក់ថា៖ ចំពោះវ៉ាក់សាំង Astra Zeneca គឺត្រូវចាក់សម្រាប់តែមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ។ ដោយឡែកចំពោះមនុស្សដែលមាន អាយុ៦០ឆ្នាំចុះ ត្រូវចាក់វ៉ាក់សាំង Sinopharm មិនទទួលការចាក់វ៉ាក់សាំង Astra Zeneca នោះទេ លើកលែងតែបងប្អូនប្រជាពលរដ្ឋដែលបានចាក់លើកទី១ហើយ។
គួរបញ្ជាក់ថា៖ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩មិនានេះ បានស្នើឲ្យគណៈកម្មការចាក់វ៉ាក់សាំង ដែលមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធានដំណើរការចាក់ វ៉ាក់សាំងដោយផ្ដល់អាទិភាពចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញដែលជាតំបន់រាតត្បាតច្រើន ។ មិនតែប៉ុណ្ណោះសម្តេចបានស្នើឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោក ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល១៥ថ្ងៃ ជូនពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ ហើយមណ្ឌលចាក់វ៉ាក់សាំង ត្រូវតែធ្វើនៅមន្ទីរពេទ្យបង្អែកតាមខណ្ឌ ដែលងាយស្រួលដល់មនុស្សចាស់ដែលត្រូវធ្វើដំណើមកទទួលវ៉ាក់សាំង។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាល រាជធានីភ្នំពេញ ជ្រើសរើស និងរៀបចំកន្លែងមន្ទីរពេទ្យបង្អែកនៅតាមខណ្ឌ ដើម្បីចៀសវាងការប្រមូលផ្ដុំដែលនាំឲ្យមានហានិភ័យនៃការចម្លងមេរោគ។
សម្ដេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធត្រូវខិតខំ ធ្វើការងារនេះ ក្នុងរយៈពេល ១៥ថ្ងៃ ដោយចាប់ពី ពេលដែលរៀបចំរួច ហើយមនុស្សដែលត្រូវមកចាក់ គឺត្រូវមានការអញ្ជើញពីសំណាក់អាជ្ញាធរ មិនត្រូវឲ្យមានការអង្គុយរង់ចាំ អត់បាយ អត់ទឹក ដូចពេលកន្លងទៅនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថានៅកម្ពុជា វ៉ាក់សាំង២ប្រភេទ ទាំងវាក់សាំង AstraZeneca និង វ៉ាក់សាំង Sinopharm មិនបានបង្កហានិភ័យណាមួយ ដូចការលើកឡើង នៅក្នុងបណ្ដាប្រទេសអឺរ៉ុបនោះទេ។ ជាមួយគ្នានេះសម្តេចក៏បានសុំចិត្តពីប្រជាពលរដ្ឋឲ្យបន្តការចូលរួម ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឲ្យបានឆាប់ ៕