(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា សម្រាប់សិស្សពូកែដែលបានរៀននៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងអាចមានឱកាសបានទៅមើល រៀនសូត្រនៅកាដ្ឋានដោយផ្ទាល់នៅក្រៅប្រទេស។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូចនេះនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ណែនាំ និងទទួល ស្វាគមន៍ និសិ្សតជំនាន់ទី១ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ឆ្នាំសិក្សា២០២១-២០២២ តាមរយៈប្រព័ន្ធអនឡាញ។ ចូលមានការរួមដោយផ្ទាល់ពីព្រះគ្រូ គូ សុភាព ថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងការចូលរួមពីនិស្សិតទាំងអស់ តាមប្រព័ន្ធវីដេអូពីចម្ងាយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងផ្តល់ចំណោះវិទ្យាគ្រប់បែបយ៉ាង ទូលំទូលាយ ជូនដល់និស្សិត របស់យើង យើងខ្ញុំនៅក្រសួងសាធារណការ និងដឹងជញ្ជូន នឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងទាំងអស់ ដើម្បីយកសាស្ត្រាចារ្យល្អ យកទៅមើលការដ្ឋាន អាចយកទៅមើលនៅបរទេសផង អាចទៅសហការជាមួយក្រសួងដឹកជញ្ជួននៅអាស៊ាន យកនិស្សិតមួយចំនួនទៅរៀន ទៅមើលឱ្យឃើញជាក់ស្តែង អាចទៅប្រទេសចិន ជប៉ុន កូរ៉េ ដែលយើងមានដៃគូច្រើនណាស់ ដោយយើងមានលទ្ធភាពនិងនាំនិស្សិតដែលរៀនពូកែ ឱ្យបានទៅមើលជាក់ស្តែង»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសំណូមពរដល់និស្សិត ដែលបានចុះឈ្មោះនៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវតែខិតខំរៀនសូត្រ ឱ្យបានពូកែ រៀនឱ្យចេះ កុំរៀនឱ្យចប់ ចេញទៅអាចធ្វើការបាន កុំឱ្យខូចដល់ឈ្មោះវិទ្យាស្ថាន ពេលចេញទៅធ្វើការត្រូវធ្វើឱ្យបានល្អ ជាពលរដ្ឋល្អ និងរឹតតែល្អ នោះ គឺអាចក្លាយខ្លួនជាអ្នកបណ្តុះបណ្តាលគេថែមទៀត។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា វិទ្យាស្ថានអាចជួយបានជាមធ្យោបាយ ជាសម្ភារៈ និងសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់បាន ដើម្បីឱ្យសិស្សទទួលចំណោះដឹង និងយកទៅអនុវត្តន៍បាន តែបើសិស្សគ្មានឆន្ទះក្នុងការរៀនសូត្រនោះទេ គឺមិនអាចជួយបាននោះទេ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរវិទ្យាស្ថានតេជោ សែន កំពុងរៀបចំកន្លែងពិសោធន៍ថ្មីមួយទៀត និងសម្ភារៈគ្រប់គ្រាន់ដែលជា ជំនួយរបស់កូរ៉េ ដើម្បីទុកឱ្យសិស្សបានអនុវត្តន៍ផ្ទាល់ ជាមួយគ្នានោះដែរក៏កំពុងត្រៀមពិភាក្សា គ្នាជាមួយក្រុមហ៊ុន ឯកជន ដើម្បីឱ្យសិស្សបានទៅអនុវត្តន៍ផ្ទាល់ពេលកំពុងរៀនផងដែរ៕