(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣,០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន សុផាន្នី ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយជំងឺកូវីត១៩ COVID-19។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។
ព្រះអង្គមានព្រះរាជបន្ទូលថា មរណភាពរបស់ អ្នកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា និងម្តាយដ៏ល្អប្រពៃមួយរូប ដែលជាទីគោរពស្រលាញ់នៃបុត្រ ព្រមទាំងបងប្អូន និងញាតិមិត្តទាំងឡាយ។
សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។
អ្នកស្រី នួន សុផាន្នី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រី គឺកញ្ញា វី ដាណែត។
បច្ចុប្បន្នកញ្ញា វី ដាណែត និងប្អូនស្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈលោក ហូរ ឡាវី និងសមាជិកគ្រួសារដទៃទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ កញ្ញា វី ដាណែត និងក្រុមគ្រួសារ បានត្រឹមធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នួន សុផាន្នី តាមប្រព័ន្ធវីដេអូប៉ុណ្ណោះ៕