(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឃាត់ខ្លួនអ្នកបើកបរស្រវឹងចំនួន៦នាក់ទៀតហើយ ក្នុងប្រតិបត្តិការត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ហើយរកឃើញថាពួកគេទាំង៦នាក់ មានផ្ទុកជាតិអាល់កុលក្នុងខ្លួនធ្ងន់ធរ មិនអាចត្រឹមតែផាកពិន័យ និងអប់រំ។

របាយការណីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន១១៨៨គ្រឿង (ម៉ូតូចំនួន៨៦៦គ្រឿង និងរថយន្ត៣២២គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យបទល្មើស ចំនួន៣៧៤គ្រឿង(ម៉ូតូ២៧០គ្រឿង និងរថយន្ត១០៤គ្រឿង) អប់រំអ្នកបើកបរដែលមាន អត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន១២នាក់ (ម៉ូតូចំនួន៧នាក់ និងរថយន្តចំនួន៥នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាម ចំនួន១២នាក់ (ម៉ូតូចំនួន៧នាក់ និងរថយន្តចំនួន៥នាក់)។

ជាមួយគ្នានេះ កម្លាំងនគរបាល បានឃាត់អ្នកបើកបរស្រវឹងចំនួន៦នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៤នាក់ មានអត្រាជាតិអាល់កុលពី ០.៤៤ ដល់ ០.៨៨Mgl/ខ្យល់ ​​និងអ្នកបើកបររថយន្ត២នាក់ មានអត្រាជាតិអាល់កុល០.៨៥ និង០.៩១ MgL/ខ្យល់។
 
សូមបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយ:ពេលៈ២៧លើកបានឃាត់ អ្នកបើកបរយានយន្តចំនួន២៣២នាក់ ក្នុងនោះអ្នកបើកបររថយន្តចំនួន៥២នាក់ និងអ្នកបើកបរម៉ូតូចំនួន១៨០នាក់៕