(ស្ទឹងត្រែង)៖ នៅក្នុងពិធីប្រគល់បណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» ចំនួន៧ ក្នុងស្រុកសេសាន លោក ម៉ម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងនាមខ្លួនជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ ប្រសិនមិនមកធ្វើការ ដើម្បីបំពេញតួនាទីជាមន្ត្រីរាជការសាធារណៈនោះ មានន័យថាខ្លួនបានចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងច្បាស់ក្រឡែត។

ជាមួយគ្នានេះដែរ លោក ម៉ុម សារឿន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ក្រុង-ស្រុកទាំងអស់ ត្រូវគិតថាសេវាសាធារណៈ គឺជាផលប្រយោជន៍សមូហភាព មិនត្រូវគិតថាជាផលប្រយោជន៍បុគ្គលនោះទេ។ បើគិតពីសេវាអទិភាព គឺសេវាសន្តិសុខ ដែលយើងត្រូវអនុវត្ត ពាក់ព័ន្ធទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព គឺត្រូវពង្រឹងកុំឱ្យមានបញ្ហាអសន្តិសុខ។

លោកអភិបាលខេត្ត បានលើកឡើងថា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀនឱ្យបានទាន់ពេលវេលាឱ្យដូចភ្លៀងរលឹម ពង្រឹងការអនុវត្តយន្តការថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងពិធីនោះ លោក ម៉ម សារឿន បានក្រើនរំឮកដល់ប្រជាពលរដ្ឋនៅតាមមូកដ្ឋានសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមវិធានសុខាភិបាល ឱ្យបានហ្មត់ចត់បំផុត ជាពិសេសវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រោយប្រទេសកម្ពុជា ផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ»