(ប៉ៃលិន)៖ អាជ្ញាធរស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានាសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមវិធានការ «៣ការពារ និង ៣កុំ» ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ខេត្តប៉ៃលិន។

ការបន្តអំពាវនាវបែបនេះ របស់អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ពិសេសមេភូមិបានរាយការណ៍ថា មានប្រជាពលរដ្ឋមួយចំនួន ដែលទើបតែចូលមកពីតាមបណ្តាខេត្ត ខេត្តកណ្តាល និងរាជធានីភ្នំពេញ ខណៈដែលនៅទីនោះកំពុងមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ។ ទើបអាជ្ញាធរខេត្តប៉ៃលិនបានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយៈពេល១៤ថ្ងៃ គឺនៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ក្រោយពីដាក់ឱ្យពួកគាត់ធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ ចុះទៅសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារតែម្តង។

ភា្លមៗលោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ ក្នុងនាមលោកស្រី បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន លោកបានដឹកនាំក្រុមការងារ ស.ស.យ.ក មូលដ្ឋាននាំយកស្បៀង ទៅចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្កាឡីស័កក្នុងផ្ទះតាមភូមិនានា ចំនួន០៦គ្រួសារ ។

លោកបានបន្តថា ក្នុងនោះនៅឃុំស្ទឹងត្រង់ចំនួន ២គ្រួសារ ឃុំអូរអណ្តូង ៣គ្រួសារ និងឃុំសាលាក្រៅ ១គ្រួសារផងដែរ។ ទន្ទឹមនឹងការផ្តល់ស្បៀងនោះ ក្រុមការងារក៏បានឆ្លៀតឱកាសធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង ០៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្ថែមទៀតថា នេះជាទឹកចិត្តរបស់លោកស្រីអភិបាលខេត្តប៉ៃលិន, នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន និងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាបលរដ្ឋ ព្រោះនេះគឺជាទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក ហើយយើងនឹងអត់ធ្មត់ជាមួយគ្នាបន្តទៀត។ លើសពីនេះ មិនត្រូវឱ្យប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័ក ដើរហើរចេញពីក្រៅខ្សែ ដែលក្រុមការងារបានហ៊ុព័ទ្ធជុំវិញផ្ទះ ដោយគ្មានការអនុញ្ញាតនោះឡើយ។

សូមបញ្ជាក់ថា ស្បៀងអាហារ ដែលក្រុមការងារចុះចែកជូនដល់គ្រួសារធ្វើចក្តាឡីស័កនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី០១កេស, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ប៊ីចេង, ស្ករស, ទឹកសុទ្ធ និងត្រីខផងដែរ៕