(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវភាព អយុត្តិធម៌ពិតប្រាកដ សូមផ្ញើឯកសារ និងលិខិតផ្សេងៗ មកកាន់ Inbox ក្នុងគេហទំព័រ Facebook ផ្លូវការរបស់សម្តេច ដើម្បីចូលរួមដំណោះស្រាយ បញ្ហារឿងអយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា៖ របាយការណ៌ និងពាក្យបណ្តឹងនានាត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដ រួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖
ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិ ចូលរួមជាមួយ សម្តេចតេជោទាំងអស់គ្នា។
ស្រឡាញ់គាំទ្រ សម្តេចតេជោ ហ៊ុន សែន គឺស្រឡាញ់ការរីកចម្រើន និងសន្តិភាពយូរអង្វែងនៅកម្ពុជា។ សម្តេចតេជោ គឺជាមេដឹកនាំពោរពេញ ទៅដោយសមត្ថភាពខ្ពស់ និងបទពិសោធន៌ដឹកនាំប្រទេសយូរឆ្នាំមកហើយ។ ពលរដ្ឋកម្ពុជាបានឃើញច្បាស់នូវស្នាដៃដឹកនាំ និងកសាងកម្ពុជាពីក្រោមសូន្យរហូតដល់មានការរីកចម្រើនមកទល់សព្វថ្ងៃនេះ មិនដូចមេដឹកនាំបក្សនយោបាយមួយចំនួនដែលគ្មានសមត្ថភាព ហើយមានឈ្មោះអាស្រូវធ្វើគម្រូអាក្រក់ដល់សង្គម និងអ្នកគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជានាយករដ្ឋមន្រ្តីល្អ និងជាប្រធានគណបក្សប្រជាជនល្អតែប៉ុណ្ណោះទេ សម្តេចគឺជាស្វាមីល្អ ជាឪពុកល្អ និងជាជីតាដ៏ល្អរបស់ចៅៗ។ សម្តេចតេជោតែងតែធ្វើជាគម្រូល្អដល់យុវជន និង យកចិត្តទុកដាក់គិតគូរដល់អាយុជីវិត សុខទុក្ខ និងការរស់នៅ របស់ប្រជាពលរដ្ឋជានិច្ច។ ដើម្បីចូលរួមកសាងសង្គមជាតិអោយកាន់តែរីកចម្រើនខ្លាំងទៅមុខ ជាពិសេសដើម្បីលើកកម្ពស់ ជីវភាពរស់នៅប្រជាពលរដ្ឋ ទប់ស្កាត់ និងលុបបំបាត់អំពើពុករលួយ និងផ្តល់នូវយុត្តិធម៌សង្គម សូមបងប្អូនជនរួមជាតិចូលរួមជាមួយ សម្តេចតេជោ ទាំងអស់គ្នា។
ជនរួមជាតិអាចផ្ញើជាសារ និងលិខិតផ្សេងៗ (pdf/MS Words) រួមជាមួយឯកសារភ្ជាប់នានាមកកាន់ (Inbox) នៅក្នុងគេហទំព័រនេះ។
សំណូមពរ របាយការណ៌ និងពាក្យបណ្តឹងនានាត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដ រួមជាមួយភ័ស្តុតាង និងសាក្សីច្បាស់លាស់។ ដំណោះស្រាយ នឹងធ្វើជូនសម្រាប់រឿងអយុត្តិធម៌ពិតប្រាកដត្រឹមត្រូវ។ ទន្ទឹមនិងនេះ ក្រសួងមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនានាត្រូវចូលរួម ដោះស្រាយអំពើ អយុត្តិធម៌ជូនប្រជាជន ហើយឈប់កសាងអំពើអាក្រក់ ឈប់ចូលរួម និងឈប់ការពារជនខិលខូចតទៅទៀត៕